ឯកឧត្តម សុខ លូ ផ្តល់អនុសាសន៍ដល់ក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាខិតខំបន្តអនុវត្តការងារកន្លងមកឲ្យកាន់តែមានប្រសិទ្ធភាព

184

សូមបណ្តាក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវខិតខំអនុវត្ត និងបន្តអនុវត្តការងារដែលបានធ្វើកន្លងមកឲ្យបានព្រមៗគ្នា ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដែលកន្លងមកនៅតែមានរថយន្តកែច្នៃដាក់ទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់ និងគ្មានឯកសារគ្រប់គ្រាន់ ធ្វើយ៉ាងណាលុបបំបាត់រថយន្តខុសច្បាប់ទាំងនោះកុំឲ្យធ្វើចរាចរនៅលើដងផ្លូវភូមិសាស្ត្រខេត្តកំពង់ធំតទៅទៀត។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅរសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ បានលើកឡើងថា កន្លងមកនៅក្នុងខេត្តកំពង់ធំ មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះអនុវត្តច្បាប់តាមដងផ្លូវកាត់ទ្រុងរថយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុងនោះទេ ហើយក៏មានរថយន្តដឹកជញ្ជូនខ្លះ បើកបរនៅលើដងផ្លូវមិនមានឯកសារគ្រប់គ្រាន់ រួមទាំងរថយន្ត និងអ្នកបើកបរ នៅពេលសមត្ថកិច្ចហៅត្រួតពិនិត្យ ។ ករណីនេះឯកឧត្តមបញ្ជាឲ្យសមត្ថកិច្ច ត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ ម្យ៉ាងវិញទៀតប្រសិនចំពោះរថយន្តកែច្នៃខុសលក្ខណៈច្ចេកទេស ត្រូវធ្វើការវាស់វែង និងកាត់ទ្រុងនៅនឹងកន្លែងតែម្តង ។

ឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា សូមមន្ត្រីក្រុង-ស្រុក សមត្ថកិច្ចដែលពាក់ព័ន្ធក្រុង ស្រុក ទំាងអស់ ត្រូវខិតខំធ្វើការងារនេះឲ្យបានព្រមៗគ្នា ដើម្បីលុបបំបាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងស្រុង មិនឲ្យមានវត្តមាននៅលើផ្លូវភូមិសាស្ត្រខេត្តកំពង់ធំ ។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីដែលបម្រើការនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ត្រូវមានភាពស្អាតស្អំ គោរពតាមតួនាទីភារកិច្ច មិនត្រូវកន្ទេលធំបន្លំដេក ធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំខេត្តនោះទេ ត្រូវថ្លឹងរថយន្តលើសទំងន់ មុននឹងអនុញ្ញាតឲ្យបើកបរលើដងផ្លូវ ព្រោះអាចកាត់បន្ថយការខូចខាតផ្លូវ ដោយសាររថយន្តដឹកលើសទម្ងន់ ហើយម្យ៉ាងទៀត បានធ្វើឲ្យម្ចាស់រថយន្តមិនហ៊ានដឹកលើសទម្ងន់តទៅទៀត ជាពិសេស ឯកឧត្តម សុខ លូ ក៏បានធ្វើការអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ក្នុងទិសដៅចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ៕