ឯកឧត្តម សុខ លូ អញ្ជើញចូលរួមជូនដំណើរពលទាហានថ្មីស្ម័គ្រចិត្ត ចំនួន ២២៦នាក់ ឲ្យទៅហ្វឹកហ្វឺននៅសាលាពលទាហានយោធភូមិភាគពិសេស និងសាលាពលទាហានយោធភូមិភាគទី៥

194

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសំណាល និងជូនដំណើរពលទាហានស្ម័គ្រចិត្តចូលបម្រើក្របខ័ណ្ឌ យោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការវរៈសេនាតូចលេខ១ នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរការ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងថា ពលទាហានស្ម័គ្រចិត្ត បានបំពេញក្របខ័ណ្ឌយោធភូមិភាគទី១ មានចំនួន២២៦នាក់ ក្នុងនោះ មានសាច់ញាតិបង្កើតរបស់អតីតយុទ្ធជនចំនួន ៤៥នាក់ សាច់ញាតិបង្កើតរបស់យោធិនក្នុងមុខតំណែង ចំនួន ៣៣នាក់ កូនចៅប្រជាពលរដ្ឋ ចំនួន ១៤៨នាក់ ហើយមកពីបណ្តាក្រុង ស្រុកទាំងប្រាំបី ក្នុងខេត្តកំពង់ធំ ដើម្បីត្រៀមបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺន ពលទាហានយោធភូមិភាគពិសេស ចំនួន ១៩១នាក់ និងសាលាពលទាហានយោធភូមិភាគទី ៥ ចំនួន ៣៥នាក់ ដែលបានជ្រើសរើសឆ្លងកាត់ ការត្រួតពិនិត្យសុខភាព ដែលមានការសហការ ជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយសម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមយ៉ាងម៉ត់ចត់។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅ សាលាពលទាហានយោធភូមិភាគពិសេស និងសាលាពលទាហានយោធភូមិភាគទី ៥ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទំាងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។

ជាពិសេសត្រូវអនុវត្តឲ្យបានល្អ នូវរាល់បញ្ជារបស់កងយោធពលខេមរភូមិន្ទ ត្រូវមានសាមគ្គីភាពល្អ រវាងមិត្តរួមជំនាន់ រួមការងារ ខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ ការហ្វឹកហាត់ ពីវិន័យ សណ្តាប់ធ្នាប់ យុទ្ធវិធី អប់រំនយោបាយចិត្តសាស្ត្រ ដើម្បីឲ្យក្លាយខ្លួនជាកងទ័ពមុតស្រួចរឹងមំា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនូវការប៉នប៉ងណាមួយ ចង់ផ្តួលរំលំរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានឧបត្ថមថវិកាដល់ពលទាហានចំនួន ២២៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងក្រមាមួយផងដែរ៕