ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ឃុំតាំងក្រសាំង អាណត្តិទី៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

238

នារ​សៀល​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សាឃុំ​តាំងក្រសាំង អាណត្តិ​ទី៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឱកាស​នេះដែរ លោក យ៉ូវ សេង​គុណ នាយករង​រដ្ឋបាលខេត្ត​កំពង់ធំ បាន​ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការតែងតាំង​សមាជិក​ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ទីមួយ ជំទប់​ទីពីរ នៃ​ឃុំ​តាំងក្រសាំង ។ បន្ទាប់ពី​អាន​ប្រកាស​រួច លោក លន ស៊ីផា​ន មេឃុំ​អាណត្តិ​ទី៣ បានធ្វើការ​អាន​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​របស់លោក ។ ក្រោយពី​ការអាន​របាយការណ៍​សង្ខេប​រួចមក ឯកឧត្តម សុខ លូ បានប្រគល់​ប្រកាស​ស្តីពី​ការតែងតាំង​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី៤ ព្រមទាំង​ប្រគល់​ត្រាជូ​ន​ទៅ​មេឃុំ​ដែល​ត្រូវ​ទទួល​តំណែង​ក្នុង​អាណត្តិ​ទី៤នេះ​ផងដែរ ។

ក្រោយពី​ទទួលបាន​ប្រកាស​តែងតាំង និង​ត្រា​ឃុំ​តាំងក្រសាំង​រួចមក លោក នី សុវណ្ណ បានធ្វើការ​ប្តេជ្ញាចិត្ត​ដឹកនាំ​ឃុំ​តាំងក្រសាំង​ឲ្យ​មានការ​អភិវឌ្ឍន៍​ជាប​ន្ត​ទៅមុខ​បន្ថែមទៀត ។

បន្ទាប់ពី លោក នី សុវណ្ណ ដែលជា​មេឃុំ​ថ្មី​របស់​ឃុំ​តាំងក្រសាំង​ប្តេជ្ញាចិត្ត​រួច ឯកឧត្តម សុខ លូ បាន​អប​អរសាទរ ចំពោះ​ក្រុមប្រឹក្សាឃុំ​ដែល​ទើប​ជាប់​ថ្មី និង​បានធ្វើការ​ណែនាំ​មួយចំនួន​ស្តីពី​កិច្ចការ​របស់​ក្រុមប្រឹក្សាឃុំ​ថ្មី ដែល​ទើប​ចូលកាន់​តំណែង នូវ​ប្រសាសន៍​ទៅ​ក្រុមប្រឹក្សា​ថ្មី​ថា «ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន​យើង​ឲ្យ​ដឹកនាំ​ឃុំ និង​អភិវឌ្ឍន៍​ឃុំ​ហើយ ដូចនេះ​ក្នុងនាម​យើង​ជា ប្រធាន​ក្រុមប្រឹក្សាឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ ត្រូវខិតខំ​ប្រឹងប្រែង បម្រើ​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើង​ឲ្យ​រីកចម្រើន»

គួរ​រំលឹក​ផងដែរ​ថា គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល គឺជា​យន្តការ​មួយ​ដើម្បី​ឲ្យ​ឃុំ សង្កាត់ មាន​ដំណើ​រការ​បែប​ប្រជាធិបតេយ្យ ក្នុង​គោលដៅ​លើក​កំពស់​អភិបាលកិច្ច​ល្អ​ក្នុង​មូលដ្ឋាន ។ គោលនយោបាយ​នេះ​មាន​គោលដៅ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយៈ ការផ្តល់សេវា​សង្គម និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ឃុំ​សង្កាត់ ។ ត្រង់ចំណុច​នេះ ឯកឧត្តម សុខ លូ ក៏បាន​បញ្ជាក់​ផងដែរ​ថា «ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​យើង​ដើម្បី​ឲ្យ​អភិវឌ្ឍន៍ ដូចនេះ​ក្នុងនាម​យើង​ជា​ក្រុមប្រឹក្សាឃុំ​សង្កាត់ យើង​ត្រូវ​អភិវឌ្ឍន៍​ដោយ​គិត​ប្រយោជន៍​រួម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ទទួល​សេវា​សាធារណៈ​នានា ក៏ដូចជាការ​ប្រកបរបរ​រកស៊ី ដើម្បី​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​យើង​ធូ​ធារ​ផងដែរ» ឯកឧត្តម​ក៏បាន​បន្ថែមទៀតថា «ឃុំ-សង្កាត់ ជាផ្នែក​មួយ​នៃ​អំណាច​ប្រតិបត្តិ​របស់​រដ្ឋ ដូចនេះ ឃុំ​សង្កាត់ មាន​តួនាទី អនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ​នានា​ដែលមាន​ជាធរមាន ជាពិសេស​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ ។ ដូចនេះ​សមាជិក​ក្រុមប្រឹក្សា​ដែល​ទើប​ជាប់​ថ្មី​ត្រូវ​ស្វែងយល់​អំពី​ច្បាប់​នេះ ដើម្បី​ដឹកនាំ​អភិវឌ្ឍន៍​ឃុំ​តាំងក្រសាំង​នេះ​ឲ្យ​រីកចម្រើន»

ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា ការអភិវឌ្ឍន៍​អាចទៅរួច​លុះត្រាតែ​មាន​ធនធានមនុស្ស ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​ធនធានមនុស្ស​របស់​ពួកយើង​ត្រូវបាន​បាត់បង់​ស្ទើ​សូន្យ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែម​អំពី​ធនធាន​មនុស្ស​នេះ​ផងដែរ​ថា «ការបណ្តុះ​ធនធាន​មនុស្ស មិនមែន​ស្រួល​ដូច​ការបណ្តុះ​កូនឈើ​នោះទេ យើង​ត្រូវ​ប្រើ​រយៈពេល​យូ​រដើម្បី​បណ្តុះបណ្តាល ។ ដោយសារតែ​ខ្វះ​ធនធាន​មនុស្ស​នេះហើយ ទើប​ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ មិនអាច​ផ្ទេរ​ការងារ​មក​ថ្នាក់ក្រោម​ជាតិ ដោយ​ប្រថុយប្រថាន​បានទេ គឺ​ត្រូវតែ​សិក្សា​សាកល្បង​យ៉ាងច្បាស់​លាស់»
នាឱកាស​នេះ​ឯកឧត្តម សុខ លូ ក៏បាន​រំលឹក​អំពី​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ របស់​ក្រុមប្រឹក្សាឃុំ​ចាស់ និង​ក្រុមប្រឹក្សាឃុំ​ថ្មី​ដែល​ទើប​ចូលកាន់​ដំណែង​ និង​បញ្ជាក់​អំពី​និតិវិធី​នៃ​ការ​ប្រកា​សទ្រព្យសម្បត្តិ​ផងដែរ ។

ចុងបញ្ចប់​ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​លោក លោកស្រី ដែល​ទើបបានជា​ប់​ឆ្នោត​ថ្មី និង​ជាប់ឆ្នោត​ឡើងវិញ​ជាស​មា​ជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​អាណត្តិ​ទី៤ សូម​មាន​ឆន្ទៈ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ទាំង​កម្លាំង​ប្រាជ្ញា ស្មារតី កម្លាំ​ងកាយ កម្លាំង​ចិត្ត ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​របស់ខ្លួន ជាពិសេស​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា​នៅក្នុង​កិច្ចការ​របស់ខ្លួន ៕