ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន”

55

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធី ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន” នៅអនុសាខា​កាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដោយមានការអញ្ជើញចូលរួមពី គណៈកម្មាធិអនុសាខាកក្រក ស្រុកបារាយណ៍ និងស្រុកតាំងគោក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ទាំង៦សាលា នៃស្រុកបារាយណ៍ និងស្រុកតាំងគោក សរុបប្រមាណជាង ៥០០នាក់ នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩។

នាក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកាទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម​កម្ពុជា ដែលជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា ហើយសូមបន្តចូលរួមក្នុងការងារមនុស្សធម៌នេះ​ឲ្យបាន​កាន់តែល្អប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមបន្ថែមទៀតថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាឱកាសដ៏ពិសេសមួយ ដើម្បីសម្តែងនូវការដឹងគុណ និងកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា របស់អ្នកស្ម័គ្រចិត្ត ដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយនៃការសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រ​របស់ប្រជាជនរងគ្រោះ ងាយរងគ្រោះ ផ្សេងៗ នៅក្នុងសហគមន៍ និងទីកន្លែងនានា តាមលទ្ធភាពដែលអ្នកស្ម័គ្រចិត្តយើងអាចធ្វើទៅបាន។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់សមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត​កាកបាទក្រហមទាំងអស់ សូមខិតខបន្តផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ​អំពីគោលការណ៍ទាំង៧ចំណុច របស់កាកបាទក្រហមកម្ពុជា នៅតាមមូលដ្ឋាន ក៏ដូចជាគ្រឹះស្ថាននានាជាដើម។ ម្យ៉ាងវិញទៀត សូមក្មួយចូលរួមគោរពច្បាប់ចរាចរណ៍ ជិះម៉ូតពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែរក្រវ៉ាត់ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ បានបន្សល់ទុកនូវស្ត្រីមេម៉ាយ ជនពិការ ក្មេងកំព្រា ជាច្រើនរូប។