ឯកឧត្តម សុខ លូ អនុញ្ញាតិឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

35

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អនុញ្ញាតិឲ្យឯកឧត្តម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការរីកចំរើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនៅលើទឹកដីខេត្តកំពង់ធំ ដែលមានវិនិយោគិនក្រុមហ៊ុនកៅស៊ូវៀតណាម បានដាំកៅស៊ូរជាច្រើនហិចតា និងទទួលបានទិន្នផលល្អប្រសើរថែមទៀតផង។ មិនតែប៉ុណ្ណោះខេត្តកំពង់ធំ ក៏ជាខេត្តដែលមានចំការកៅស៊ូច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ស្របពេលដែលកម្ពុជា និងវៀតណាមកំពុងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពីព្រោះប្រទេសទាំងពីរនេះ មានព្រំសីមាជាប់គ្នា និងធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

ឯកឧត្តម សុខ លូ បានថ្លែងថា កម្ពុជា-វៀតណាម ពិតជាមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅលើគ្រប់ផ្នែក គ្រប់វិស័យ ដែលប្រទេសទាំងពីរ ត្រូវបន្តធ្វើកិច្ចការនេះជាបន្តទៀត ដើម្បីជាការនាំមកនូវប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនវិនិយោគទាំងអស់ ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូវៀតណាម ដែលមកវិនិយោគនៅខេត្តកំពង់ធំ ដែលបានបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនកម្ពុជា មានការងារធ្វើជាច្រើន កាត់បន្ថយការចំណាកស្រុក ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន។ ឯកឧត្តមបន្ថែមទៀតថា ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានប្រែក្លាយខ្លួនពីប្រទេសដែលខ្ចេចខ្ទាំដោយសារសង្គ្រាម ទៅជាប្រទេសមានការរីកចំរើនលើគ្រប់វិស័យ និងអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសឲ្យមកបណ្តាក់ទុននៅកម្ពុជាបានយ៉ាងច្រើន ក្នុងនោះក៏មានអ្នកវិនិយោគមកពីប្រទេសវៀតណាមផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងឆាប់រហ័ស៕