ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំជំរុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ ត្រូវអនុវត្តនូវអភិក្រមទាំង៥ របស់សម្តេចតេជោ

58

ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ ត្រូវខិតខំអនុវត្តនូវអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែន ដោយងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ព្រមទាំងថែរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយភាពសុខដុមរម្យនា។

ជាមួយគ្នានោះដែរ ឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវការងាររបស់ខ្លួនកន្លងមក ទន្ទឹមនឹងនោះក៏នៅមានការខ្វះចន្លោះ នូវការគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។ បច្ចុប្បន្ននេះ បទល្មើសខុសច្បាប់ ក្នុងខេត្តកំពង់ធំ បានកាត់បន្ថយបានយ៉ាងច្រើន ចំពោះបទល្មើសខុសច្បាប់ដែលនៅសេសសល់នេះ សូមថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ ក្នុងការចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងនូវការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លើសពីនេះ ឯកឧត្តម សុខ លូ បានលើកឡើងអំពីការត្រៀមលក្ខណៈចូលរួមអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅរាជធានីភ្នំពេញ និង របៀបដំណើរការនៃការហែរក្បួនទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០១៨ គម្រប់ខួបលើកទី៤០ ទាំងនៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តកំពង់ធំ ព្រមទាំងបង្ហាញអត្ថន័យក្បួនព្យុះហយាត្រា ក្នុងនោះក៏មានការដាក់តាំងរូបសញ្ញា ៧ មករា ខួបលើកទី៤០ រូបប្រាសាទយាយព័ន្ធ និងបដិមាតោ រូបសំណាកដំរីជាន់ខ្លា រូបគួរស្រូវ ដើមកៅស៊ូ ស្វាយចន្ទី ដំឡូងមី តំណាងឲ្យសក្តានុពលកសិកម្ម កសិឧស្សាហកម្ម និងសមិទ្ធិផលនានា របស់ខេត្តកំពង់ធំទាំងមូល ដែលបង្ហាញពីការអភិវឌ្ឍន៍ និងភាពរីកចម្រើន ក្រោមដំបូលសន្តិភាពដែលកើតចេញពីថ្ងៃពីថ្ងៃ ៧ មករា ១៩៧៩ មាន ៧មករា ទើបមានអ្វីៗទាំងអស់៕