ឯកឧត្តម សុខ លូ: បន្តចុះត្រួតពិនិត្យស្ថានភាពផ្ទះរបស់​បងប្អូន​ប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដោយសារខ្យល់កន្ត្រាក់ នៅក្រុងស្ទឹងសែន

36

(រដ្ឋបាលខេត្តកំពង់ធំ)៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានធ្វើឱ្យ ផ្ទះប្រជាពលរដ្ឋចំនួន ១៥ខ្នង នៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរលំទាំងស្រុងចំនួន ២ខ្នង និងរបើកដំបូលចំនួន ១៣ខ្នង ហើយនៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានចុះ​សាក​សួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ដល់មូលដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច​តែងតែ​គិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិ​គ្រប់ទី​កន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ព្រមទាំងចូលរួមសម្ដែង​នូវការ​សោក​ស្ដាយចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងចំពោះគ្រួសារបងប្អូននៅពេលនេះ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន​ខ្ពស់ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែល​ងាយ​បង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅ​ជិតកៀក​ជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។ ទន្ទឹមនឹងនោះឯកឧត្តម ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួន​ការពារ​​ជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាច​សាហាវ​មួយនេះ។

ចុងក្រោយឯកឧត្តម សុខ លូ និងក្រុមការងារ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ចំនួន ១៥​គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១២កំប៉ុង, ឃីត ១កញ្ចប់, តង់មួយ ស័ង្កសី, រួមទាំងថវិកាមួយចំនួនផងដែរ ។