ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុសិស្សជំនាន់ទី៣៤

148

រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុសិស្សជំនាន់ទី៣៤ និងពិធីត្រៀមចូលនិវត្តន៍របស់លោកស្រី ងួន ផល្លី នាយិកាសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី គ្រូឧទ្ទេស និងគរុសិស្សជំនាន់ទី៣៤-៣៥ សរុប ២៣៤នាក់ ស្រី ១៦៨នាក់ ៕

លោកស្រី ងួន ផល្លី នាយិកាសាលាគរុកោសល្យ និងវិក្រិតការ ហ៊ុន សែន ខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពរបស់សាលា ហើយលោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម អភិបាលខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអបរំ ជាពិសេសវិស័យគ្រូបង្រៀន ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងសរសើរចំពោះលោស្រីនាយិការ ដែលបានខិតខំផ្តល់ការបង្ហាត់បង្រៀន ណែនាំ ដល់គរុសិស្ស ឲ្យបានទទួលការបណ្តុះបណ្តាល ក្នុងការក្លាយខ្លួនជាគ្រូបង្រៀនល្អ នាពេលខាងមុខ ដើម្បីបង្ហាត់បង្ហាញកុមារនៅតាមសហគមន៍ ។ ឯកឧត្តមបានបន្ថែមទៀតថា ការងារគ្រូបង្រៀន គឺជាការងារគួរឲ្យគោរព និងថ្លៃថ្នូរ ។

ឯកឧត្តម បានមានមតិផ្តាំផ្ញើទៅកាន់គរុសិស្ស ដែលទើបបញ្ចប់ការបណ្តុះបណ្តាល ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឲ្យក្លាយជាទំពាំងស្នងប្ញស្សី ជៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ និងកុមារ នៅក្នុងសហគមន៍របស់ខ្លួន ត្រូវខិតខំបន្តស្វ័យវាយតម្លៃខ្លួនឯងជាប្រចាំត្រូវបន្តការអភិវឌ្ឍខ្លួនដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធីសាស្ត្រល្អ និងមានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។

ជាចុងក្រោយឯកឧត្តម បានលើកឡើងថា ការកសាងធនធានមនុស្សមិនអាចធ្វើតែមួយថ្ងៃបាននោះទេ គឺយើងត្រូវធ្វើជាប្រចាំ ៕