ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹក តាមដងស្ទឹងសែន ខេត្តកំពង់ធំ

237

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹក តាមដងស្ទឹងសែន ខេត្តកំពង់ធំ នៅវេលាម៉ោង ១១និង៣០នាទី ។ តាមរបាយការណ៍របស់លោក យូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានបញ្ជាក់ អំពីស្ថានភាពទឹកនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តកំពង់ធំ មានដូចខាងក្រោម:
– កំពស់ទឹកស្ទឹងសែន ១៣.០៧ ម៉ែត្រ
– សីតុណ្ហភាព ២៤-៣៤ អង្សារសេ
យប់មិញមានភ្លៀងធ្លាក់នៅស្រុក-ក្រុងចំនួន 8/8
+ក្រុងស្ទឹងសែន ៣៨.៤ មីលីម៉ែត្រ
+ស្រុកកំពង់ស្វាយ ១៤.៨ មីលីម៉ែត្រ
+ស្រុកសណ្តាន់ ៣៥.០ មីលីម៉ែត្រ
+ស្រុកប្រាសាទបល្ល័ង្ក ៥៩.៦ មីលីម៉ែត្រ
+ស្រុកប្រាសាទសំបូរ ២៥.៤ មីលីម៉ែត្រ
+ស្រុកស្ទោង ១០.២ មីលីម៉ែត្រ
+ស្រុកសន្ទុក ៣៨.១ មីលីម៉ែត្រ
+ស្រុកបារាយណ៍ ៤៥.៨ មីលីម៉ែត្រ

តាមការសន្និដ្ឋានពេលនេះ ទឹកស្ទឹងសែនសម្រាប់ខេត្តកំពង់ធំ មិនទាន់គួរអោយបារម្ភនៅឡើយទេ ដោយយោងថា កម្ពស់ទឹកថ្ងៃនេះ ១៣.០៧ ម៉ែត្រ កើនលើសពីម្សិលមិញ ០.០៨ ម៉ែត្រ កើនយឺតក្នុងរយៈពេល ២៤ម៉ោង ហើយកំពស់ប្រកាសការប្រុងប្រយ័ត្ន ១៣.៥០ ម៉ែត្រ ។ បញ្ហាប្រឈមនឹងគ្រោះធម្មជាតិមួយនេះ អភិបាលខេត្ត បានប្រាប់ទៅអភិបាលក្រុង ស្រុកទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែង ដើម្បីត្រៀមរកទីទួលមានសុវត្ថិភាព ជូនប្អូនប្រជាពលរដ្ឋ កុំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មក ឲ្យរដ្ឋបាលសាលាខេត្ត ឲ្យបានជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ ។

ឯកឧត្តម អភិបាលខេត្តបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិមួយនេះ និងរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ ជួយសង្រ្គោះទាន់ពេលវេលា ។ គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែម អំពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ៕