ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំរៀបចំសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨

112

 

ឯកឧត្តម សុខ លូ  អភិបាលខេត្តកមពង់ធំ មានប្រសាសន៍ថា “ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងធ្វើឲ្យបានល្អប្រសើជាងឆ្នាំមុនៗទៀត។”  ឯកឧត្តមថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ។

ឯកឧត្តមបានបន្ថែមទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ សូមមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ សហការណ៍គ្នា ធ្វើយ៉ាងណាឲ្យការប្រឡង នៅថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ នេះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ។

គួររំលឹកផងដែរថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងសរុបចំនួន ១០មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៤មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ដែលមានទីតាំងស្ថិតនៅ ក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលទីតាំងនេះ ស្ថិតនៅជិតទីប្រជុំជនខេត្ត ដូចនេះបេក្ខជនដែលត្រូវប្រឡងត្រូវធ្វើដំណើរមកស្នាក់នៅ ជិតមណ្ឌលប្រឡងរបស់ពួកគេ ជាបញ្ហាមួយដែលផ្តល់ការលំបាកដល់បេក្ខជនមួយចំនួនដែលមកពីស្រុកឆ្ងាយៗ ដូចជា សណ្តាន់ ប្រាសាទបល្ល័ង្ក ជាដើម។ ថ្លែងក្នុងបញ្ហានេះ ឯកឧត្តម បានមានប្រសាសន៍យ៉ាងដូច្នេះថា “ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅ ខ្ញុំសូមឲ្យ ក្រុង ស្រុក សាមី រៀបចំក្រុមការងារ ជួយសម្របសម្រួលកន្លែងស្នាក់នៅជូនពួកគាត់ ដែលយើងអាចសហការណ៍ជាមួយមន្ទីរធម្មការ និងសាសនា រៀបចំវត្តនៅជិតៗមណ្ឌលប្រឡងជូនពួកគាត់” បន្ថែមពីនេះទៅទៀត ឯកឧត្តម ក៏បានរៀបចំឲ្យមានកន្លែងផ្ញើរកង់ ម៉ូតូ ដោយមិនបាច់បង់ថ្លៃជូនបេក្ខជនប្រឡង អំពាវនាវឲ្យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឲ្យដំឡើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិតផងដែរ។

ទន្ទឹមនឹងនេះដែររ ឯកឧត្តម បានចាត់ឲ្យ ក្រុង ស្រុក ដែលមានមណ្ឌលប្រឡងធ្វើការអំពាវនាវដល់ អ្នកប្រកបអាជីវកម្មថតចម្លង ផ្អាកការថតចម្លងរយៈពេល៣ថ្ងៃ គឺថ្ងៃ ១៩ ២០ និង២១ ខែសីហា ឆ្នាំ២០១៨នេះ។

ជាចុងក្រោយ ឯកឧត្តម ផ្តាំផ្ញើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អនុវត្តឲ្យបាននូវស្មារតីអង្គប្រជុំ មិនមែនអនុវត្តតែនៅលើក្រដាសទេ គឺត្រូវអនុវត្តសកម្មភាពផ្ទាល់ ដើម្បីឲ្យការប្រឡងសញ្ញាបត្រទុតិយភូមិនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវលទ្ធផលខ្ពស់។