ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំចាត់ចែង និងបែងចែកតួនាទី ភារកិច្ចនៃ គណៈកម្មការសំបូរព្រៃគុកក្នុងរៀបចំសែនព្រេនសុំសេចក្តីសុខតាមជំនឿប្រពៃណី និងដើម្បីអបអសាទរការដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

467

ដើម្បីអបអសាទរការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងតាំងនាមជាម្ចាស់ទឹកដីឥសាន្តបុរៈ នៃប្រាសាទសំបូរព្រៃគុក នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំត្រៀមប្រារព្ធពិធីសែនព្រេនសុំសេចក្តីសុខ តាមជំនឿប្រពៃណី និងដើម្បីអបអសាទរការដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា នៅក្នុងដំណើរការ នៃការប្រារព្ធពិធីសែនព្រេនសុំសេចក្តីសុខតាមជំនឿប្រពៃណី និងដើម្បីអបអសាទរការដាក់ចញ្ចូល ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ហើយក្នុងនាមជាម្ចាស់ទឹកដីឥសាន្តបុរៈនៃប្រាសាទសំបូរព្រៃគុក នឹងធ្វើការរៀបចំកម្មវិធីនេះនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ ។

លើសពីនេះទៅទៀតកម្មវិធីនាពេលខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងសម្តែងនូវសេចក្តីសប្បាយរីករាយ និងប្រកាសប្រាប់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឲ្យបានដឹងកាន់តែទូលំទូលាយ នៃរម្យនីយដ្ឋានសំបូរព្រៃគុក ។ ក្នុងពិធីអបអរសាទរនេះយើង ក៏មានការប្រគំតន្ត្រី ការសម្តែងនូវរបាំរបស់បងប្អូនជាតិគួយ ការបង្ហាញរបាំប្រជាប្រិយ ការតាំងលក់ផលិតផលកសិកម្ម ពេញមួយថ្ងៃផងដែរ ហើយដើម្បីឲ្យបរិយាកាសនេះមានភាពសប្បាយរីករាយជូន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំយើងទាំងមូល ជាអាទិ៍ក្នុងនាមយើងជាថ្នាក់ដឹកនាំកម្មវិធីនឹងត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ។

ក្នុងនោះបញ្ហាដែលយើងទាំងអស់គ្នាត្រូវគិតគូរ រួមមាន បញ្ហាចរាចរណ៍ គឺបញ្ហាដ៏សំខាន់នៅក្នុងការធ្វើ ចរាចរណ៍ចុះឡើងក្នុងទីធ្លា បរិវេណប្រាសាទសំបូរព្រៃគុក ក៏ដូចជាការឆ្លងកាត់ គឺត្រូវមានផ្លូវសម្រាប់ចៀសគ្នា ត្រូវមានកន្លែងសម្រាប់ចតទុកដាក់យានជំនិះរបស់បងប្អូន ដែលមកទស្សនា ការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ ប្រកមដោយសុខសុវត្ថិភាពដោយមានកងកម្លាំងទាំង បីជាអ្នកជួយសម្រួល និងយាមកាមពេញមួយថ្ងៃ ការលេងល្បែងប្រជាប្រិយកំសាន្ត ដែលមានទាំងរបាំប្រជាប្រិយ ការសម្តែង នូវសិល្បៈរបាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រីឯការដាក់តាំងនូវផលិតផលក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររបស់បង ប្អូនអាជីវករ ក៏មានការរៀបចំ ប្រកបដោយសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ផងដែរ ។

ចុងក្រោយឯកឧត្តម សូមអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់អញ្ជើញមកចូលរួម ធ្វើពិធីសែនព្រេន និងទស្សនាកំសាន្ត សប្បាយរីករាយប្រកបដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា ។