ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាចូលរួមថែរក្សាទឹកទុកសម្រាប់​ប្រើប្រាស់​នារដូវប្រាំងខាងមុខ

69

(រដ្ឋបាលខេត្តកំពង់ធំ)៖ ដើម្បីឲ្យគោលនយោបាយទឹកសម្រាប់ការងារបង្កបង្កើនផលមានភាពកាន់តែល្អ និងប្រសើរឡើង ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ និងជាប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវ​ដល់​ប្រជាបលរដ្ឋទាំងអស់ ត្រូវយល់ដឹង​ពីសារៈសំខាន់​របស់ទឹក ត្រូវមានវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំ​សំចៃ​​ទឹក​ទុកសម្រាប់ប្រើប្រាស់​ឲ្យបានគ្រប់គ្រាន់ នារដូវប្រាំងខាងមុខនេះ គឺ មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយនោះឡើយ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងពិធីចែកអំណោយមនុស្សធម៌​របស់សាខា​កាកបាទ​​ក្រហម​កម្ពុជាខេត្តកំពង់ធំ ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្រី្តមេម៉ាយ ចាស់ជរា និងជនពិការ នៅឃុំកំពង់ចិនជើង ស្រុកស្ទោង ចំនួន៤០គ្រួសារ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ចំនួន ៣៦គ្រួសារ ដោយមានការ​អញ្ជើញចូលរួមពីមន្ត្រីរាជការ និងភរិយាថ្នាក់ដឹកនាំ ក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ជាច្រើនរូបផងដែរ។

ឯកឧត្តមបន្ថែមទៀតថា ចំពោះស្រែប្រាំង គឺធ្វើបានតែមួយដងគត់ និងមានការទទួលខុសត្រូវ​ខ្ពស់ក្នុងការថែរក្សាទឹកទុក ហើយត្រូវ​ត្រៀមអន្តរាគមន៍សង្រ្គោះស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សា​ប្រភពទឹក​សម្រាប់ស្រោចស្រពដំណាំរួមផ្សំ។ ហើយការជួបប្រទះ​បញ្ហា​ទាំងនេះ មិនមែនតែនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា គឺនៅគ្រប់បណ្តាប្រទេស ក្នុងតំបន់បានទទួលរង​ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ​គ្រោះរាំងស្ងួត ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់ពុកម៉ែបងប្អូន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យ​ល្អក្នុង​ការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ខិតខំបង្កបង្កើនផលទៅ​តាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវ​ចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាព​ប្រចាំថ្ងៃបានមួយកម្រិត។ ជាងនេះទៅទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអប់រំកូនចៅត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

គួរជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចែកជូននៅពេលនេះ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង អាវយឺត ២៕