ឯកឧត្តម សុខ លូ អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយអំពីកលល្បិចជនល្មើស លួងលោមបោកបញ្ឆោតជួញដូរមនុស្ស ដើម្បីលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម

85

(រដ្ឋបាលខេត្តកំពង់ធំ) ÷ ថ្លែងនៅក្នុងពិធី អបអរសាទរទិវាជាតិលើកទី១៣ ប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ មានប្រសាសន៍លើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលជនល្មើសធ្វើការជួញដូរមនុស្ស ដោយប្រើប្រាស់គ្រប់កលល្បិច គ្រប់រូបភាព ដើម្បីកេងប្រវ័ញ្ច រំលោភបំពាន​លើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្ស ដែលបង្កើតជាក្តីកង្វល់ដល់​រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើក​កម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។ ហើយរូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ ថែមទាំងមានការជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន។ ហើយយើងមិនត្រូវអត់ឱនឲ្យពួកនេះបានឡើយ យើងត្រូវខិតខំតាមដានស្វែងរកមុខសញ្ញា ដើម្បីយកមកអនុវត្ត​នីតិវិធីផ្តន្ទាទោស​តាមច្បាប់។

ទន្ទឹមនឹងនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់កង​កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ​ប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខ ដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាព​របស់​ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយ​របស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តមបន្តទៀតថា ទោះបីជាយើងខិតខំទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោសជនល្មើសជា​បន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បញ្ហាទាំងអស់នេះ នៅតែកើតមានជាហូរហែរ ដូច្នេះទាមទារឲ្យយើងទាំងអស់គ្នា ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង​ពុះពាររួមគ្នា ផ្សព្វផ្សាយអំពីកលល្បិត​ជនល្មើស ដែលធ្វើការលួងលោម បោកបញ្ឆោត បង្ខិតបង្ខំ រំលោភបំពាន ធ្វើទារុណកម្ម ដើម្បីកេងប្រវ័ញ្ចទាញយកផលប្រយោជន៍លើកំលាំងពលកម្មផ្លូវភេទ ជាពិសេសតាមរយៈការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ក៏ជាថ្នាំពុល ដែលបានពង្វក់ស្មារតីឲ្យមនុស្សបាត់បង់សតិ វិចារណញ្ញាណ ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន ជាពិសេសក្មួយៗ យុវជន យុវនារី ទាំងអស់ សូមចូលរួមថែរក្សាឥរិយាបទថ្លៃថ្នូរ ទន់ភ្លន់ លើកកម្ពស់គុណធម៌ សីលធម៌វិជ្ជាជីវៈ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឲ្យប្រព្រឹត្តល្អសម្រាប់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ៕