ឯកឧត្តម សុខ លូ ៖ ក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវខិតខំ បម្រើ ផលប្រយោជន៍ និង សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការ នយោបាយ ឡើយ

81

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកស្ទោងអាណត្តិទី៣ ចំនួន២១រូប ដោយមាន ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តលោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានា និងលោក លោកស្រីជាមន្ត្រីរាជការរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំប្រមាណជាង២៥០នាក់។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្ត ការងារ ក្រុមប្រឹក្សាត្រូវខិតខំ បម្រើ ផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការ នយោបាយ ឡើយ។ ឯកឧត្តម សុខ លូ ក៏បានធ្វើការគូសបញ្ជាក់អំពីកិច្ចដំណើរការ នៃការបោះឆ្នោត ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម នៅកម្ពុជា និងទិសដៅ ការងារ ជាអាទិភាពនានា សម្រាប់ជាមូលដ្ឋាន ដើម្បីយើង បន្តរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ ជាមូលដ្ឋានក្នុងការ អភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែ មានការរីក ចម្រើន ស្របតាមបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាជន កម្ពុជាគ្រប់ៗរូប។

នាឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានធ្វើការផ្ដាំផ្ញើដល់ក្រុមប្រឹក្សា ស្រុកស្ទោង អាណត្តិទី៣នេះ ត្រូវខិតខំ បន្តដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ហើយបន្ទាប់ពីបាន ចូលកាន់តំណែងក្រុមប្រឹក្សា ត្រូវយកចិត្តទុកដាក់លើការងារបន្ទាន់មួយចំនួនរួមមាន៖
១.ត្រូវធ្វើការប្រជុំសាមញ្ញលើកទី១របស់ខ្លួន មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូល កាន់តំណែង
២.បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២របស់ខ្លួន មិនឲ្យ មុនម្ភៃប្រាំ(២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ(៣៥)ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើក ទី១ឡើយ
៣.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិក ក្រុមប្រឹក្សាទាំងអស់ មានកាតព្វកិច្ច ត្រូវធ្វើការប្រកាសទ្រព្យ សម្បត្តិ និងបំណុល
៤.ក្នុងឆ្នាំទីមួយ នៃអាណត្តិរបស់របស់ខ្លួន ត្រូវកសាងផែនការអភិវឌ្ឍដែលមានសុពលភាពរយៈពេលប្រាំឆ្នាំនិងត្រូវ រៀបចំកម្មវិធីវិនិយោគបីឆ្នាំ រំកិល លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត កំណត់
៥.ត្រូវបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា
៦.ត្រូវខិតខំបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន
៧.ត្រូវបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្ត គោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន រៀងៗខ្លួន ជាពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសង ខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងស្រុកស្ទោង៕