ឯកឧត្តម សេង ទៀង នាំយកថវិកាប្រគល់ជូនគ្រួសារសពជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុ​បាក់រលំអគារនៅខេត្តកែប (គ្រួសារសពអ្នកខេត្តកំពង់ធំ)

45

ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត និងសហការី បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកថវិកាចំនួន ៥ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅ ផ្តល់ជូនគ្រួសារសព ប្អូនប្រុស សេង ប៉េងអាន ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ កម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ហើយពិធីប្រគល់ថវិកានេះស្ថិតនៅធនាគាអេស៊ីលីដា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរ​ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលល្ងាចពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០​កន្លងទៅនេះ។

គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យ​មនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕