ឯកឧត្តម ហួន វ៉ាន់និត ជួបសំណេះសំណាលជាមួយអាជីវករ វិស័យទេសចរណ៍ និងអាជីវករថតចម្លងនៅក្នុងក្រុងស្ទឹងសែន និង ស្រុកកំពង់ស្វាយ។

96

ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ បានជួបសំណេះសំណាលជាមួយ អាជីវករ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និង អាជីវករថតចម្លង នៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដើម្បីអំពាវនាវដល់អាជីវករ ទាំងអស់ អនុវត្តតាមសេចក្តីជូនដំណឹងលេខ​ ៣៦១២/១៨ ស.ជ.ណ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ស្តីពី ការរក្សាតម្លៃសេវាអាជីវកម្មទេសចរណ៍ និងផ្អាកដំណើរការអាជីវកម្មម៉ាស៊ីនថតចម្លងឯកសារ គ្រប់ប្រភេទ ក្នុងរយៈពែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម ហួន វ៉ាន់និត មានប្រសាសន៍សំណេះសំណាលទៅអាជីវករយ៉ាងដូច្នេះថា “ដើម្បីជាការលើកទឹកចិត្ត លើកកម្ពស់គុណភាព សមត្ថភាព ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដោយទទូចដល់ បង ប្អូន អាជីវករទាំងអស់សហការណ៍ជាមួយអាជ្ញាធរខេត្ត កុំដំឡើងថ្លៃសេវាផ្ទះសំណាក់ ម្ហូបអាហារ ដល់បេក្ខជនប្រឡង នាពេលប្រឡងខាងមុខនេះ” ឯកឧត្តមបានបន្តទៀតថា “ចំពោះម្ចាស់អាជីវកម្មម៉ាស៊ីនថតចម្លងក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ សូមធ្វើការផ្អាករយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨”។

ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណ ដល់អាជីវករទាំងអស់ដែលបានយកចិត្តទុកដាក់ ចូលរួមសហការណ៍ជាមួយអាជ្ញាធរខេត្ត និងជូនពរដល់អាជីវករទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕