ឯកឧត្តម ហ៊ុន ម៉ានី៖ យើងត្រូវគិតថាទោះបីលំបាកបន្តិច ហត់បន្តិច លះបង់បន្តិច ការលះបង់ថ្ងៃនេះធានាថាកូនចៅយើងជំនាន់ក្រោយនឹងមានភាពសុខសាន្ត ហើយប្រទេសជាតិរបស់យើង នឹងមានការរីកចម្រើនជាងនេះ!

89

រដ្ឋបាលខេត្តកំពង់ធំ៖ បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចូលរួមក្នុងពិធី សំណេះសំណាលរួចមក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា៖ យើងត្រូវគិតថាទោះបីលំបាកបន្តិច ហត់បន្តិច លះបង់បន្តិច ការលះបង់ថ្ងៃនេះធានាថាកូនចៅយើងជំនាន់ក្រោយនឹងមានភាពសុខសាន្ត ហើយប្រទេសជាតិរបស់យើង នឹងមានការរីកចម្រើនជាងនេះ។ ថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្តមរួមជាមួយ ឯកឧត្តម សុខ លូ អញ្ជើញចូលរួមសំណេះសំណាល ជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ប្រមាណជាង៣៥០នាក់ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

នាឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា យុវជន យុវវ័យជាទំពាំងស្នងឬស្សី ហើយក៏ជាអ្នកបន្តវេនដែរ យើងមិនអាចចាំដល់ថ្ងៃអនាគតបានគិតនោះទេ ភាពទទួលខុសត្រូវ ចាប់ផ្ដើមពីការរៀនសូត្រ និងការគិតពីថ្ងៃនេះ ហើយត្រូវហ៊ានទទួលស្គាល់ពីចំណុចខ្សោយ ចំណុចខ្វះខាតរបស់យើងនាពេលនេះ។ ឯកឧត្តមក៏បានបន្តទៀតថា កុំសួរថាសង្គមបានផ្តល់អ្វីខ្លះ សម្រាប់ខ្លួនឯង ត្រូវសួរខ្លួនឯងវិញថា តើបានចូលរួម លះបង់អ្វីខ្លះដើម្បីសង្គមមួយនេះ។ ការស្មគ្រចិត្តចូលរួម និងលះបង់អ្វីមួយសម្រាប់សង្គម ទោះតិចក្តីច្រើនក្តី គឺតែងតែមានតម្លៃតបស្នងមកវិញ បើទោះបីពេលខ្លះអ្នកដទៃមិនមើលឃើញ តែយើងត្រូវជឿជាក់លើខ្លួនយើង យើងបានស្ម័គ្រចិត្តចូលរួម និងលះបង់ ហើយជឿជាក់ថាយើងអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដើម្បីជាតិមាតុភូមិរបស់យើង។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានកើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលរហូតមកដល់ថ្ងៃនេះ មានអាយុកាល៤០ឆ្នាំហើយ។ សហភាពសហព័ន្ធយុវជនកម្ពុជា ជាផ្នែកមួយរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមាន សម្តេចពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និង សម្តេចតេជោ ហ៊ុន សែន ជាតំណាងរណសិរ្ស៕