ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈកម្មការទី៧នៃរដ្ឋសភា ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់លើទឹកដី ខេត្តកំពង់ធំ

370

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ អំពីវឌ្ឍនភាពការងារ សមិទ្ធផល និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៧ នៃរដ្ឋសភាទទួលខុសត្រូវ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នឹងដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធ​​ក្នុងវិស័យខាងលើ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។

ឯកឧត្តម សុខ លូ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពរបស់ខេត្ត លើវិស័យ ពាក់ព័ន្ធរួមមាន៖ វិស័យអប់រំយុវជននិងកីឡា វិស័យធម្មការនិងសាសនា វិស័យវប្បធម៌ និងវិស័យទេសចរណ៍ ជូនគណៈប្រតិភូ។ ឯកឧត្តមអភិបាលក៍បានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំ​បានខិតខំប្រឹងប្រែង អនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាម​ការ​អនុវត្ត​គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបាន​ទាំងអស់នេះ រដ្ឋបាលខេត្តនៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈម​មួយចំនួន ឲ្យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍរបស់ខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៧ នៃរដ្ឋសភា ដែលបាន​យកចិត្តទុក​ដាក់​ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំនាពេលនេះ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធ​នឹងវិស័យដែលគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ជាកិច្ចបន្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់​ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តកំពង់ធំ មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត​កាន់តែប្រសើរឡើង។ ឯកឧត្តម ក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៧ មានបំណងចង់ស្វែងយល់ ស្ដាប់បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីពិភាក្សា រកដំណោះស្រាយពីបញ្ហាប្រឈមទាំងនោះ ក្នុងន័យបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា ខេត្តកំពង់ធំគឺជាខេត្តទី១៨ ដែលគណៈកម្មការទី៧ ទទួលបន្ទុកការងារអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ នាពេលនេះ៕