ឯកឧត្តម អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីតំាងពិពណ៌គ្រឿងយន្តកសិកម្ម ខេត្តកំពង់ធំ

146

ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​តំាង​ពិពណ៌​គ្រឿង​យន្ត​កសិកម្ម គូបូតា នៅ​ភូមិ​បល្ល័ង្ក សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយ​មាន​អមដំណើរ​ពី​មន្ត្រី​រាជការ​ជុំវិញ​ខេត្ត និង​មាន​ការ​ចូល​រួម​ដោយ​ប្រជា​កសិករ​យ៉ាង​ច្រើន​កុះករ។

លោក រាជ អំបូរពុំ ប្រធាន​ក្រុមហ៊ុន​ចែកចាយ គូបូតា ជា​នាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន គូបូតា​កម្ពុជា បានថ្លែង​ក្នុង​ពិធី​នេះ​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​កម្រ​បាន​ឃើញ​បំផុត​សម្រាប់​ប្រជា​កសិករ​កម្ពុជា​យើង ការ​តំាង​ពិពណ៌​គ្រឿង​យន្ត​កសិកម្ម គូបូតា ក្នុង​ប្រទេស​កម្ពុជា មាន​ជា​លើក​ដំបូង​នៅ​ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ឆ្នាំ​២០១៤ និង​ទទួល​បាន​ការ​ចូល​រួម​ពី​សំណាក់​បង​ប្អូន​ប្រជា​កសិករ​ជា​ច្រើន​កុះករ​នៅ​ទីនោះ​ផង​ដែរ។ ក្រុមហ៊ុន​បាន​បន្ត​ធ្វើកម្ម​វិធី​ពិពណ៌​នេះ​ជា​បន្ត​បន្ទាប់ ដោយ​មាន​ការ​ដាក់​បង្ហាញ​ពីរ​បៀប​ធ្វើការ​របស់​គ្រឿង​ចក្រ និង​ការ​សាកល្បង​ប្រើជាក់​ស្តែង មាន​ដូច​ជា ត្រាក់ទ័រ ម៉ាស៊ីន​ច្រូតស្រូវ ម៉ាស៊ីន​ស្ទូង និង​ម៉ាស៊ីន​អេស្កាវាទ័រ គូបូតា ជាដើម។ គោល​បំណង​នៃ​ការ​រៀប​ចំ​កម្មវិធី​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ និង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ឲ្យ​បាន​ខ្ពស់ បង្កើន​ចំណូល​ដល់​បង​ប្អូន​ប្រជា​កសិករ ធ្វើ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង ។

ក្នុងការសំណេះសំណាល ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា គ្រឿងយន្តកសិកម្ម គូបូតា គឺជាគ្រឿងយន្តមួយដែលពេញនិយមប្រើប្រាស់របស់បងប្អូនយើង កន្លងមកគូបូតានេះ យើងមិនដែលគិតថាមាន ម៉ាស៊ីនស្ទូង ម៉ាស៊ីនច្រូត ត្រាក់ទ័រទំនើបៗដូចបច្ចុប្បន្ននេះទេ ពេលនេះ យើងឃើញថា គូបូតា បានអភិវឌ្ឍខ្លួនរហូតដល់មានគ្រឿងយន្តសម្រាប់កសិកម្មស្ទើរតែគ្រប់ប្រភេទទាំងអស់ទៅហើយ សង្ឃឹមថាថ្ងៃក្រោយ បងប្អូនប្រជាកសិករយើង អាចមានលទ្ធភាពគ្រប់គ្នា ដើម្បីប្រើប្រាស់គ្រឿងចក្រទាំងនេះ នឹងអាចឲ្យយើងអភិវឌ្ឍឈានទៅរកកសិកម្មទំនើប ពេលនោះកសិករយើងលែងលំបាកដូចសព្វថ្ងៃនេះហើយ។ យើងមានថ្ងៃនេះ ក៏ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ នាំឲ្យប្រទេសរីកចម្រើនជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍ជាប់ជានិច្ច។ ក្នុងនោះដែរអន្តរជាតិក៏បានវាយតម្លៃថា ប្រសិនបើប្រទេសកម្ពុជាមានសុខសន្តិភាពក្នុងរយៈពេល ៥ ឬ ៦ ឆ្នាំ ខាងមុខនេះ រក្សាស្ថេរភាពបានដូចនេះ ប្រទេសយើងក្នុងកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុងមួយឆ្នាំ នឹងក្លាយជាកូនខ្លាមួយនៅអាស៊ីអាគ្នេយ៍និងគេដែរ។

ជាចុងក្រោយ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនកសិករទំាងអស់ ធ្វើយ៉ាងម៉េចប្តេជ្ញាការពារសុខសន្តិភាពនេះឲ្យបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ។ សម្តេច មានការហត់នឿយណាស់ សម្តេចតែងតែមានប្រសាសន៍ថា កន្លែងណាសប្បាយ មិនសូវបានឃើញមុខលោកទេ តែបើកន្លែងណាមានការលំបាក សម្តេចតែងតែមានមុខជានិច្ច ដើម្បីជួបជាមួយបងប្អូន រួមសុខ រួមទុក្ខជាមួយគ្នា ។ ឯកឧត្តមក៏បានជូនពរដល់ក្រុមហ៊ុន គូបូតា ឲ្យដំណើរការបានល្អ មានការលក់ដូរល្អ កំណើនខ្ពស់ ទៅតាមកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕