អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះ សំណាលពន្យល់អំពីច្បាប់វិធានការ​សុខាភិបាល និងនាំយកអំណោយ​របស់សម្តេចតេជោ​ជូនដល់បងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ

92

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាលពន្យល់ណែនាំអំពីវិធានការសុខាភិបាល ព្រមទាំងផ្សព្វ ផ្សាយ​ការផាកពិន័យជាសាច់ប្រាក់ ស្ដីពីច្បាប់ល្មើសវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ និងប្រគល់​អំណោយ​របស់សម្ដេចតេជោ​ ជូនដល់បងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ​ដែលសម្រាកមួយយប់​នៅ​មណ្ឌល​​ចត្តាឡីស័ក​វិទ្យាល័យកំពង់ធំ ហើយនឹងត្រូវបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កតាមស្រុកនីមួយៗ និង​នៅ​តាមផ្ទះរបស់បងប្អូនពលករផ្ទាល់។

នៅក្នុងឱកាសនោះឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដោយក្តីនឹក​រឭកពី​សំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនពលករ ក្រុមគ្រូពេទ្យ មន្ត្រី​ប្រចាំការ និងកងកម្លាំងទាំងអស់ ដែលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ និងសុខុមាលភាព របស់បងប្អូនពលករយើងដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះ។ ឯកឧត្តបន្ដទៀតថា អាហារហូបចុក ក៏ដូចជា​សម្ភារៈ​ប្រើប្រាស់ដែលបានផ្តល់ជូននៅពេលនេះ គឺជាការគិតគូរពីសុខទុក្ខរបស់បងប្អូន​យើងពីសំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋបាល​ខេត្​តផងដែរ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុងស្រុកត្រូវយកចិត្តទុក្ខដាក់​អោយបាន​ខ្ពស់​បំផុត​​ចំពោះ​​បង​ប្អូនពលករដែល​បន្ទាប់ពីបញ្ចប់ធ្វើចត្តាឡឺស័ករទទួលបានលទ្ធផលអវិជ្ជមាន នៅពេល​ត្រឡប់​ទៅផ្ទះ ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃកំពង់បន្ដធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក ក្នុង​ស្រុក​របស់ខ្លួន ក៏ដូចជាបងប្អូនពលករមួយចំនួនដែលកំពង់ធ្វើចត្តាឡីស័កនៅតាមផ្ទះជាដើម ដោយហ្មត់ចត់​ច្បាស់លាស់។

ចុងក្រោយឯកឧត្តម សុខ លូ បានសំណូមពរបន្ថែមដល់ថ្នាក់ដឹកនាំក្រុងស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលទើបត្រឡប់មកពីថៃទាំងអស់ សូមចូលរួមអនុវត្តតាមគោល​ការណ៍ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បីគ្រួសារយើង សហគមន៍យើង ត្រូវរួបរួមប្រយុទ្ធប្រឆាំង​ទប់ស្កាត់ការឆ្លង​រីករាលដាលនៃវីរុសកូវីដ-១៩ បម្លែងថ្មីនេះទាំងអស់គ្នា ជាពិសេសអនុវត្តវិធានការពារ ៣កុំ ៣ការពារ និង២ចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ៖
៣ ការពារ៖
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី 1,5ម៉ែត្រ ឡើងទៅ)
៣ កុំ៖
១- កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក
២- កុំទៅកន្លែងមានមនុស្សច្រើន
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា គ្នាជាដើម។.
និង២ចូលរួម
១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
២. ប្រើ QR Code Stop Covid