រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំពិភាក្សា រវាងអភិបាលខេត្តកំពង់ធំ និងក្រុមការងារក្រសួងបរិស្ថាន

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡេង ធីវន អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដើម្បីពិភាក្សារការងារការបង្កើតតំបន់ការពារទេសភាព “សំបូរព្រៃគុក” ដែលមានផ្ទៃដីសរុប ចំនួន ៤៤០ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តកំពង់ធំ ពិតជាមានមោទនភាពណាស់ ដែលប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ម្យ៉ាងវិញទៀត សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ជាពិសេសអ្នកដែលរស់នៅតំបន់ប្រាសាទសំបូរគុគ ដែលប្រកបមុខរបបរលក់ម្ហូបអាហារ និងវត្ថុអនុវស្សាវរីយ៍ មានការលក់ដាច់ជាងមុនផងដែរ។

 

ទន្ទឹមនឹងនោះ ពួកគាត់ក៏បានជួបនូវបញ្ហាមួយចំនួន ដែលពួកគាត់បានរស់នៅលើតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក ដែលជាតំបន់ហាមឃាត់ ដូច្នេះ ក្នុងនាមខ្ញុំជាអាជ្ញាធរខេត្ត ខ្ញុំសូមណូមពរដល់លោក ឡេង ធីវន តំណាងក្រសួងបរិស្ថាន ចុះត្រួតពិនិត្យលើផ្ទៃដីជាក់ស្តែង ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ធ្វើការពិភាក្សាគ្នាពីតំបន់ប៉ះពាល់ ដែលត្រូវធ្វើសំណើរទៅថ្នាក់លើ ដើម្បីធ្វើការកាត់ចេញជូនបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានមករស់នៅតំបន់ជាយូរមកហើយ ជាមួយគ្នានេះដែរ យើងត្រូវនាំគ្នាជួយការពារផលប្រយោជន៍ជាតិ  មិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទេ ដូច្នេះយើងត្រូវរួមគ្នាទទួលខុសត្រូវ ៕

Related Post