រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន ៣៥០គ្រួសារ ទទួលអំណោយសម្ដេចតេជោ នៅស្រុកប្រាសាទសំបូរ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះចែក​អំណោយ​ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ៣៥០គ្រួសារ មកពីឃុំចំនួន ៥ នៅស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះ​មាន​មុខ​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែ​ជាប់លំបាក​នៅ​ពេលនេះ ថ្នាក់ដឹកនាំខិតខំចុះសាកសួរសុខទុក្ខបងប្អូនគ្រប់ទីកន្លែង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក​យ៉ាងណា​ក៏ដោយ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច។

ឯកឧត្តម សុខ លូ បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ​ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការ​អនុវត្ត​វិធាន​សុវត្ថិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបាន​ល្អ។

ថ្នាក់ដឹកនាំទាំងពីរបានបានជំរុញឲ្យ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត ចុះត្រួតពិនិត្យផលប៉ះពាល់ស្រូវវស្សារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធដែលទទួលការរងខូចខាតដោយសារជំនន់ទឹកភ្លៀង នៅពេលទឹកស្រកចុះទៅវិញ ត្រូវត្រៀម​ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ពូជស្រូវ ជូនដល់ប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលបន្តទៀត ដើម្បី​កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣៥០គ្រួសារ នៅស្រុកប្រាសាទសំបូរនោះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស និងថ្នាំពេទ្យ Tiffy ៥បន្ទះ។

Related Post