រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រវត្តិ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី របស់ប្រជាពលរដ្ឋ​ខ្មែរ

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។

រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ៖

គម្ពីរ បេតវត្ថុ ៖ បកស្រាយពីរឿងប្រេត
គម្ពីរអានិសង្ឃបិណ្ឌ ៖ និយាយអំពីផលនៃការធ្វើបុណ្យ
គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ ៖ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។

បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា: “ទូលព្រះបង្គំទាំងអស់គ្នា សព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្ តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។

ព្រះឧបគុត្តតេ្ថរក៏នាំយកបណ្តាំទាំងនោះ ទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រ ជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយ ដែលនាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះ រហូតមកដល់សព្វថៃ្ងនេះ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

១) ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)

២) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។

៣) ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាក ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បានផ្សាយចូលមកក្នុងប្រទេសខែ្មរយើង ហើយនោះភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុង ព្រះពុទ្ធសាសនា ដោយបច័្ចយបួន មានចង្អាន់បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និងចីវរ ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈេ្វងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាត្រ នោះជួបប្រទះនូវការលំបាក ខ្លាំងណាស់ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកដែល បណ្តាលឲ្យព្រះសង្ឃអង្គខ្លះ ត្រូវដួលលើភក់ជ្រាំនោះ ក៏នាំឲ្យព្រះអង្គកើត ព្រះទ័យសងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញ បិណ្ឌបាត្រឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជប្រកាសផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភបច្ច័យបួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

ការអនុវត្តន៍បែបនេះ ចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្រ្តក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់ថៃ្ងពេញបូរមីខែអស្សុជមិនឲ្យព្រះសង្ឃទៅណាទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗមកក៏សល់រយៈពេលតិចទៅៗ រហូតមកដល់សព្វថៃ្ងនេះ អាស្រ័យដោយកត្តាជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល)។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗ បុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះ នឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។

ការប្រារព្ធពិធីបុណ្យបិណ្ឌភ្ជុំ

ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើង បានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់បេតជនញាតិដែលបានស្លាប់ទៅ។

នៅក្នុងរយៈពេល១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជាពិសេសក្រុមនីមួយៗដែលបានរៀបចំជា ក្រុមដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ឬ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ទៅ៤មុខម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗក្នុងក្រុមវេន ត្រូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្ដាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅដែលនៅផ្ទះ ត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗ ដោយឡែកពីគ្នា។ លុះដល់ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។

នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពីធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យជាប្រធាន ត្រូវនាំពុទ្ធបរិស័ទវេរចង្ហាន់ ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់ មេវេនក្រុមនីមួយៗ ត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែង ភោជនាហារទទួលភ្ញៀវ ដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃ វេនរបស់ខ្លួននោះផងដែរ។

ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲទៅជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនា នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តាន ដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាន នូវកោសលពីពិធីការឧទិសក្នុងពិធីបុណ្យនេះផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណ ទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២-៣គូ ទៅតាមតំបន់រៀងៗខ្លួន[ត្រូវការអំណះអំណាង] ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀតក្របី សេះ និងរបស់ដែលត្រូវប្រកួត គេបានតុបតែងលំអដោយប្រេង លាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្ដឹងត្រដោក ឬចង្ក្រងជាដើម។[ត្រូវការអំណះអំណាង] កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗ រួញថយបន្តិចម្ដងៗ សាសនាកាន់តែកន្លងវែងទៅ នាំឲ្យការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ៕

បរាភវសូត្រ

បរាភវសូត្រ (អានថា ប៉ៈ រ៉ា ភៈ វៈ) តែងត្រូវបានព្រះសង្ឃសូត្រនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃនាពេលទៀបភ្លឺ នៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ។ នៅក្នុងបរាភវសូត្រនេះជារឿយៗគេឮឃ្លាមួយដែលថា នាំឲ្យវិនាស។ ឃ្លានេះជាហេតុនាំឲ្យអ្នកខ្លះមានទស្សនៈថា ពួកគេមិនហ៊ានស្ដាប់ធម៌បរាភវសូត្រទេ ព្រោះខ្លាចវិនាស។

តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស»។ សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់បានដល់នូវក្ដីវិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យវិនាស ហើយឲ្យគេជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹងពីហេតុ ដែលនាំឲ្យវិនាសហេតុនេះ អាចនឹងប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។ ក្នុងនោះព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជាបុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើមថាហេតុនាំមកនូវក្ដីវិនាស។

ការបោះបាយបិណ្ឌ

នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។

ការបោះបាយបិណ្ឌ (ការបោះដុំបាយ) ជាសកម្មភាពមួយដែលមិនទាន់មានឯកភាពគ្នា នៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុក ការបោះបិណ្ឌជាកិច្ច ដ៏សំខាន់មួយមិនអាចខានបាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌនេះ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាភាពខ្ជះខ្ជាយជាការធ្វើមិនគោរពទានជាដើម។ អ្នកដែលជឿថា បោះបាយបិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត (ហេតុនេះទើបនៅ តំបន់ខ្លះមិនហៅបាយបិណ្ឌទេ តែហៅថាបាយប្រេត)។ ចំណែកអ្នកពុទ្ធនិយមខ្លះទៀតបានអះអាងថា ការបោះបាយបិណ្ឌជាការធ្វើទាន មិនត្រឹមត្រូវតាមការបង្រៀនរបស់ព្រះពុទ្ធឡើយ។

ការពូនភ្នំខ្សាច់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ទាក់ទិននឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយ ជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។

ប្រេត

អត្ថបទលម្អិត៖ ប្រេត

បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិត ដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។ គេតែងនិយមជ្រើសរើស ចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះ ឱ្យមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផលដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឱ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដ ពុំមានឃើញបងប្អូនញាតិសន្ដានណា ធ្វើបុណ្យបញ្ជូនកុសលទៅឱ្យទេ ពួកគេនឹងអត់បាយអត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសា ដល់បងប្អូនញាតិកាទាំងឡាយ ឱ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។

បុណ្យស្រដៀងគ្នានេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យ ដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅតៃវ៉ាន់ផងដែរ (ដែលវាទាក់ទងទៅនឹងការបើកទ្វានរក យមរាជ ជាដើម)។

ប្រភព៖ សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Related Post