រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប.ស.ស ខេត្តកំពង់ធំ៖ មានមន្ទីរពេទ្យចំនួន ៥៥ ដែលបានចុះកិច្ចព្រមព្រៀង

ឯកឧត្តម ម៉េង ហុង មានប្រសាសន៍លើកឡើងថា សាខា ប.ស.ស ខេត្តកំពង់ធំ មានមន្ទីរពេទ្យដៃគូ ចំនួន ៥៥ ក្នុងនោះមាន មន្ទីរខេត្តកំពង់ធំ (កម្រិត៣) មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក (កម្រិត២) មន្ទីរពេទ្យ បង្អែកស្ទោង (កម្រិត២) និងមណ្ឌលសុខភាពចំនួន ៥២មណ្ឌល ដែលធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាដល់ សមាជិក ប.ស.ស ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ឲ្យមានភាពឆាប់រហ័ស និងទាន់ ពេលវេលា។ ហើយខេត្តកំពង់ធំ ជាខេត្តទី៧ ដែល ប.ស.ស បានធ្វើការប្រជុំផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្ត របបសន្តិសុខសង្គមក្នុងឆ្នាំ២០១៩នេះ។ ហើយបច្ចុប្បន្ននេះ ប.ស.ស មានសាខានៅតាម បណ្តារាជធានីខេត្ត ទាំង ២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីការសរុបចំនួន ១២.៥១៣ សហគ្រាស ដែលមានសមាជិក សរុប ១.៦៣៤.២២១នាក់ ។

ឯកឧត្តម សុក ហៃ បានថ្លែងអំណរគុណដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានសហការ ជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងដើម្បីប្រជុំផ្សព្វផ្សាយអំពី គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបម្រើការងារនៅតាម មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ដើម្បីធានារ៉ាប់ហានិភ័យការងារ និងរបបថែទាំសុខភាព ការសង្គ្រោះបន្ទាន់ ការទទួលបានប្រាក់ចំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍ សោហ៊ុយបូជាសព សេវាបុននីតិសម្បទា និងការសម្របសម្រួលវិជ្ជាជីវៈ ជាដើម។ ដូច្នេះ សូមបណ្តា មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីជាមួយ ប.ស.ស ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ក្នុងការផ្តល់សេវាជូនកម្មករនិយោជិត និងត្រូវធ្វើការពង្រឹងនូវការផ្តល់ សេវាដែលពាក់ព័ន្ធនឹងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ។

Related Post