រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ផ្ទះចំនួន ៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ពិតប្រាកដ និងចែកអំណោយមនុស្សធម៌​ដល់គ្រួសារក្រក្រី នៅស្រុកកំពង់ស្វាយ

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមក្នុងពិធី​ប្រគល់​ផ្ទះចំនួន ៣ខ្នង និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលមានជីវភាពខ្វះខាតស្ថិត​នៅទី​តាំងបីផ្សេងគ្នា នៅឃុំត្រពាំងឬស្សី ឃុំត្បែង និងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា លោកយាយ ពុកម៉ែបងប្អូន ដែលកំពុង​ជួបការ​លំបាក​គ្រប់ទីកន្លែង។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ក៏បានជំរុញដល់អនុប្រធានសាខាកាកបាទក្រហមស្រុក ព្រមទាំង​លោកមេឃុំ មេភូមិ សូមខិតខំចុះសួរសុខទុក្ខពុកម៉ែបងប្អូនណាដែលកំពុងជួបការលំបាក ប្រសិនបើមិនមាន​លទ្ធភាព​ជួយទេ សូមរាយការណ៍មកសាខាកាកបាទក្រហមខេត្ត ដើម្បីចុះមកជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ គ្រប់ទីកន្លែង​ទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច ដោយមិនទុក​ឱ្យប្អូនណាម្នាក់អត់ស្បៀងអាហារនោះទេ ។

លើសពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់​នៅក្នុងដំណាក់កាល​នៃការ​ឆ្លងជំងឺកូវីដ១៩ នេះ ត្រូវការរស់នៅបែបគន្លងថ្មី ដោយរក្សាអនាម័យឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួប​ជុំគ្នា​នោះទេ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងវិញទៀតសូមបន្តចូលរួម​គោរព​ច្បាប់ចរាចរណ៍ទាំងអស់គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ ជិះ​រថយន្ត​ត្រូវពាក់ខ្សែក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជា​រឿងរបស់​យើងទាំងអស់គ្នា។

ឯកឧត្តមប្រធានបន្ថែមទៀតថា នៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រមុខរាជ​រដ្ឋាភិបាល​​បានអំពាវនាវដល់បងប្អូនដែលមានកូនធ្វើការចំណាកស្រុកនៅក្រៅប្រទេស សូមកុំទាន់វិល​ត្រឡប់​មក​លេង​ស្រុកកំណើត ពីព្រោះជំងឺកូវីដ១៩ កំពុងតែរីករាលដាលទូទាំងសកលលោក ប្រសិនបើមក​ដល់​ទឹកដីកម្ពុជា ក៏ធ្វើចត្តាឡឺស័ក ១៤ថ្ងៃដែរ ដើម្បីចៀសវាងនូវការឆ្លងជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារនេះ រួមមាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យូរ មី ១កេស និងឃីដ ១កញ្ចប់ សម្រាប់ម្ចាស់ផ្ទះបន្ថែមនូវ ឆ្នាំង ២ ធុងចម្រោះ ១ និង កន្ទេល ១ ផងដែរ។

Related Post