រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំនួន ៣៤រូប ក្នុងរចនាសម្ព័ន្ធមន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ មន្ត្រីរាជការចំនួន ៣៤ រូប នៃមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបានធ្វើពិធីប្រកាសតែងតាំងជាផ្លូវការចូលកាន់មុខតំណែង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីរាជការ ដែលត្រូវបានប្រកាស ចូលកាន់មុខតំណែងថ្មីទាំង ៣៤រូបនៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងការរៀបចំមុខតំណែង មន្រ្តីរាជការ ដោយបានឆ្លងកាត់ការវាយតម្លៃពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពសាម៉ីច្បាស់លាស់ ដើម្បីឲ្យការតែងតាំងរបស់យើងប្រកបដោយភាពយុត្តិធម៌ អាចទទួលយកបាន។ ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ឯកឧត្តមនឹងធ្វើការប្រជុំវាយតម្លៃមន្ត្រីដែលមានស្នាដៃល្អក្នុងការបំពេញការងារ ដើម្បីបំពេញមុខតំណែងនៅទំនេរ បន្តបន្ទាប់ទៀត។ ថ្វីត្បិតតែការតែងតាំងនេះវាមិនអាចធ្វើឱ្យមានការសប្បាយចិត្តទាំងអស់គ្នានោះទេ ប៉ុន្តែនេះ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរ ឯកឧត្តម បានកោតសរសើរមន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាវិស័យឯកជននានា ដែលមាន សាមគ្គីភាព ឯកភាពផ្ទៃក្នុង បានល្អ ក្នុងការរៀបចំពិធីជប់លៀងអប់អរសាទរក្នុងឱកាសចូលឆ្នាំថ្មីក្នុងស្ថានប័នអង្គភាព របស់ខ្លួន ប្រកបដោយភាពសប្បាយរីករាយថែមទៀតផង។

លើសពីនេះទៀត ឯកឧត្តម បានជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវសហការជាមួយកម្លាំងជំនាញ ដើម្បីរួមគ្នា ទប់ស្កាត់បង្ក្រាបបទល្មើសនានាដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ គ្រឿងញៀន បញ្ហាដីធ្លី ជាដើម ជាពិសេសត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ សូមចូលរួម កម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តថ្មីសំបូរព្រៃគុកឲ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅថ្ងៃទី ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទូទាំង ខេត្តកំពង់ធំ ជាពិសេស ទាក់ទាញភ្ញៀវទេសចរមកទស្សនារម្មណីយដ្ឋានប្រាសាទសំបូរព្រៃគុកឲ្យកាន់តែច្រើនឡើង និងមានភាពល្បីល្បាញថែមទៀត។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ អនុវត្តន៍នូវផែនការការងាររបស់ថ្នាក់ដឹកនាំបានប្រគល់ជូន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា៕

 

Related Post