រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ត្រីរាជការ ក្នុងអង្គភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទាំង៩ និងមន្ទីរអង្គភាព ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃនេះតទៅ

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា មន្ត្រីរាជការ ក្នុងអង្គភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទាំង៩ និងមន្ទីរអង្គភាព ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ទទួលបានវ៉ាក់សាំង Sinovac របស់​ប្រទេស​ចិន ចាប់ពីថ្ងៃទី១ ខែមេសានេះតទៅ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ក្នុងពិធីជួបសំណេះសំណាល​ជាមួយ​ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យកំពង់ធំ ដែលតម្រូវបន្តធ្វើ​ចត្តាឡីស័ក​នៅតាមផ្ទះរៀងៗខ្លួនទៀតនោះ និងបន្តដំណើរចុះពិនិត្យការ​បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ នៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកតាំងគោក ស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវវ៉ាក់សាំង​ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនមានការយក​លុយ​នោះទេ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានបន្តថា ខេត្តកំពង់ធំយើងកន្លងមក​បាន​រងឥទ្ធិពល នៃការឆ្លង​ជំងឺកូវីដ-១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺមិនមានជំងឺនេះ ផ្ទុះឡើងឯងៗ នៅក្នុងសហគមន៍នោះទេ ដូច្នេះប្រការ ដែលយើងបានចាក់វ៉ាក់សាំង គឺយើងទទួលបានការគាំពារ និងការការពារបានរហូតដល់ ទៅក្នុង​រង្វង់ ៩០% រួចផុតពីការឆ្លងជំងឺដ៏សាហាវនេះ ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែ​អនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់​ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនទាំងអស់ សូមចូលរួមចាក់វ៉ាក់សាំងនេះឲ្យ​បានគ្រប់​គ្នាៗតបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក តាមពេលវេលាកំណត់ ហើយការចាក់​វ៉ាក់សាំងនេះនឹងធ្វើការចាក់ជាបន្តបន្ទាប់ទៀតមិនមែនចាក់តែមួយថ្ងៃនេះទេ ។

Related Post