រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អំពីខេត្តកំពង់ធំ

ស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តកំពង់ធំ

I. ស្ថានភាពទូទៅ

ខេត្តកំពង់ធំ ស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៦៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប ចែកជាក្រុង០១ ស្រុក០៨ ឃុំ៧៣ សង្កាត់០៨ ភូមិ៧៦៧ ដែលមានប្រជាពលរដ្ឋចំនួន ១៧៧.៧២៨គ្រួសារ ស្មើនឹង ៨៣៩.៩៩១នាក់ ស្រី៤២៥.៨៤៦នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ ៥៥នាក់/គ.ម។ ខេត្តមានផ្ទៃដីសរុបចំនួន ១៥.០៦១គ.ម ស្មើនឹង ១.៥០៦.១៩៧ហ.ត ចែកជាពីរសណ្ឋានដីគឺ តំបន់ខាងក្រោមផ្លូវជាតិលេខ៦ ជាតំបន់វាលទំនាប លាតសន្ធឹងរហូតដល់មាត់បឹងទន្លេសាប អំណោយផលយ៉ាងខ្លាំងដល់ការដាំដុះស្រូវ និងការនេសាទ។ តំបន់ខាងលើផ្លូវជាតិលេខ៦ ជាតំបន់ខ្ពង់រាបសមប្រកបបំផុតសម្រាប់ដំណាំចម្ការដូចជាកៅស៊ូ ស្វាយចន្ទី និងដំឡូងមីជាដើម។

ខេត្តកំពង់ធំមានផ្លូវទឹកសំខាន់ៗចំនួន ០៤ខ្សែ៖

  • ស្ទឹងសែន៖ ប្រវែង៥២០គម មានប្រភពពីជួរភ្នំដងរែក ហូរកាត់ខេត្តកំពង់ធំប្រវែង ២៥៧គម ផ្ទៃរងទឹកភ្លៀងទំហំ ១.៦៣៤៤២១ហត
  • ស្ទឹងជីនិត៖ ប្រវែង២៧៥គ.ម មានប្រភពនៅព្រៃឡង់ និងព្រៃអង់តែន ផ្ទៃរងទឹកភ្លៀងទំហំ ៧០៧.០៤១ហ.ត ។ នៅលើស្ទឹងនេះ មានការសាងសង់សំណង់កាត់ស្ទឹងចំនួន០១កន្លែង គឺទំនប់អាងទឹកស្ទឹងជីនិត ឬ១មករា ដែលដំណើរការស្រោចស្រពរាល់ថ្ងៃ។
  • ស្ទឹងតាំងក្រសាំង៖ ប្រវែង ១០៣គ.ម ផ្ទៃរងទឹកភ្លៀងទំហំ ១១៦.៦២៧ហ.ត ។ នៅលើស្ទឹង នេះមានការសាងសង់សំណង់កាត់ស្ទឹងចំនួន ០១កន្លែងគឺ ទំនប់អាងទឹកតាំងក្រសាំង ឬ៦ មករា ដែលដំណើរការស្រោចស្រពរាល់ថ្ងៃ។
  • ស្ទឹងស្ទោង៖ ប្រវែង ១៥៥គម ផ្ទៃរងទឹកភ្លៀងទំហំ ៤៣៥.២៣៩ហត។ នៅលើស្ទឹងនេះមាន ការសាងសង់សំណង់ ០២កន្លែងគឺ ទំនប់អាងទឹកស្ទោង ឬ៣០កញ្ញា និងសំណង់ស្ទាក់ទឹកបត់ត្រង់។

ខេត្តមានផ្លូវជាតិសំខាន់ៗឆ្លងកាត់ចំនួន ០៥ខ្សែគឺ៖

  • ផ្លូវជាតិលេខ៦ ប្រវែង ១៤៤គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ព្រំប្រទល់ខេត្តសៀមរាប
  • ផ្លូវជាតិលេខ៦២ ប្រវែង ៣៦គ.ម ពីទីប្រជុំជនខេត្ត ដល់ព្រំប្រទល់ខេត្តព្រះវិហារ
  • ផ្លូវជាតិលេខ៧១ ប្រវែង ១៥គ.ម ពីស្រុកបារាយណ៍ ដល់ព្រំប្រទល់ខេត្តកំពង់ចាម
  • ផ្លូវជាតិលេខ៥០C ប្រវែង១៩គ.ម ពីភូមិត្រពាំងវែង ដល់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
  • ផ្លូវជាតិលេខ ៦០B ប្រវែង ៥២គ.ម ពីទីប្រជុំជនឃុំកំពង់ថ្ម ដល់ខេត្តកំពង់ចាម។

II. សមិទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្តរយៈពេល៥ឆ្នាំ

១. ការងារសន្តិសុខសណ្តាប់ធ្នាប់

រដ្ឋបាលខេត្តបានខិតខំបំផុសចលនា​ឲ្យមានការចូលរួមពីមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយ​ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នា​រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម​បានល្អ ។ បើប្រៀបធៀបដើមអាណត្តិឆ្នាំ២០១៨កន្លងមក បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទមានការថយចុះ ។ ផ្តើមចេញពីចំណុចនេះ ធ្វើ​ឲ្យ​ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរក្នុងការចូលរួម​ប្រឡង​ប្រណាំង​ទូទាំងប្រទេស ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ ឃុំ សង្កាត់ទាំង៨១ ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន ៧៤ឃុំ-សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ៥ឃុំ-សង្កាត់  និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឃុំ ។

២. ការផ្តល់សេវាសាធារណៈ

មកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រក ចេញចូលតែមួយបានគ្រប់ក្រុង/ស្រុក រហូតដល់ថ្នាក់ឃុំ/សង្កាត់ ។ ជាលទ្ធផល ក្នុងរយៈពេល៥ឆ្នាំនេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តបានផ្តល់សេវាសរុបចំនួន ១៩៨.៦៥៨សេវា ស្មើនឹងថវិកាចំនួន ៨.៥៣៧.១៣០.៤៥៧រៀល ។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ១ ជាភ្នាក់ងារដែលបានផ្តល់សេវាបានច្រើនជាងគេទូទាំងប្រទេសផងដែរ ។ លើសពីនេះ អគាររដ្ឋបាលឃុំ/សង្កាត់ក៏ត្រូវបានសាងសង់បានគ្រប់ឃុំ/សង្កាត់ទូទាំងខេត្ត ដើម្បីជំរុញការផ្តល់សេវាសាធារណៈ នៅមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួលជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវប្រសិទ្ធភាពក្នុងការថែរក្សាឯកសារអត្រានុកូលដ្ឋាន និងឯកសារចាំបាច់នានា ។

៣. ការអនុវត្តគោលនយោបាយគាំពារសង្គម

ឆ្លើយតបទៅនឹងសម្ពាធសេដ្ឋកិច្ចដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីស្តារលទ្ធភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ ខេត្តកំពង់ធំបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ បានសរុបចំនួន ៤៣.២៩២គ្រួសារ (ក្នុងនោះ ក្រ១ ចំនួន ១៧.១១៤គ្រួសារ និងក្រ២ចំនួន ២៦.១៧៨គ្រួសារ) ស្មើនឹងទឹកប្រាក់ ២១០.៩៩១.៤៤៨.០០០រៀល។ លើសពីនេះខេត្តក៏បានឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំបានចំនួន ១០.២៣៩នាក់ ស្មើនឹងទឹកប្រាក់ ៣.៩៧២.៣២០.០០០រៀល ។ ជាមួយគ្នានេះ តាមរយៈការអនុវត្តរបបសន្តិសុខសង្គម ខេត្តបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូនបានចំនួន ៥.៧៧៤នាក់ សរុបជាទឹកប្រាក់ ២.៣០៩.៦០០.០០០រៀល

ក្រៅពីការអនុវត្តគោលនយោបាយគាំពារសង្គមខាងលើ ឆ្នាំ២០២២នេះ ដោយសារប្រទេសកម្ពុជារងនូវ សម្ពាធទាបបណ្តាលឲ្យមានគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតបីតេជោ នាយករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភគ្រួសារងាយរងហានិយភ័យ ដែលរងផលប៉ះពាល់ពីសម្ពាធអតិផរណាទឹកជំនន់ធ្ងន់ធ្ងរ សម្រាប់ដំណាក់កាលទី១ បានចំនួន ១៨.៩៤៥គ្រួសារ ស្មើនឹងទឹកប្រាក់ ២.៦៨៨.៥២៤.៧០០រៀល

៤. ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ក្រៅពីសមិទ្ធផលខាងលើនេះ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ តាមរយៈការអនុវត្តគម្រោងគុណប្រយោជន៍ និងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រដ្ឋបាលខេត្តបានអនុវត្តគម្រោងបានចំនួន ៨៥គម្រោង ក្នុងនោះសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដូចជា សាងសង់ទីធ្លាចំណត ០៥កន្លែង សួនច្បារសាធារណៈ ១២កន្លែង រូបសំណាក ០៩កន្លែង សាងសង់ច្រាំងស្ទឹង ៧៥៥ម ភ្លើងបំភ្លឺក្នុងទីប្រជុំជន ៨៥៣បង្គោល និងភ្លើងស្តុប និងភ្លើងសញ្ញាប្រុងប្រយ័ត្ន ៣០ដើម

៥. ការអនុវត្តគោលនយោបាយតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ

អនុវត្តតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលដូចខាងក្រោម ៖

  • បានធ្វើការកែសម្រួលព្រំប្រទល់ដីពីតំបន់២ មកតំបន់១ ជូនប្រជាពលរដ្ឋចំនួន ១០.៨០៣គ្រួសារ ស្មើនឹង ១៧.៣៣៩ហ.ត
  • បានធ្វើការសម្រួលផ្ទៃដីពីតំបន់៣ មកតំបន់២ ជូនប្រជាពលរដ្ឋចំនួន ៨.៦៦១គ្រួសារ ស្មើនឹង ៣៤.១៥៩ហ.ត
  • រដ្ឋបាលខេត្តក៏បានស្នើសុំកាត់ឆ្វៀលដីចេញគម្របព្រៃឈើ២០០២ និងដីសហគមន៍ ផ្ទៃដីទំហំ ១៦១.៤៣៩,១៤ហ.ត ស្នើនឹង ៤៦.៥៣៣គ្រួសារ និងបានស្នើសុំកាត់ឆ្វៀលដីតំបន់ការពារបរិស្ថាន ក្នុងខេត្តកំពង់ធំ ទំហំ ៦២.៨៨៣ហ.ត ស្មើនឹង ១៥.៧២៩គ្រួសារ
  • ដោយឡែក ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសជលផល រដ្ឋបាលខេត្តបានរៀបចំទីបញ្ជាការស្រាល និងដាក់ក្រុមការងារប្រចាំការ ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្រ្កាបបទល្មើសជលផលលើបឹងទន្លេសាប ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ។

III. ការងារកសិកម្ម និងធារាសាស្រ្តកសិកម្ម

ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបចំនួន ២៥៣.៣០០ហ.ត ទិន្នផលជាមធ្យម ៤តោន/ហិកតា។ ឡសម្ងួតស្រូវមានចំនួន ៣០ឡ មានសមត្ថភាពសម្ងួតបាន ៣ តោន/ម៉ោង ។ ជារួមក្នុងរយៈពេល៥ឆ្នាំនេះ ខេត្តកំពង់ធំផលិតបានស្រូវក្នុងរង្វង់ ៦០-៧០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៥០ម៉ឺនតោន

ខេត្តមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៨ ក្នុងចំណោម ២៧ក្រុមហ៊ុន ដែលមានផ្ទៃដីកៅស៊ូដាំដុះសរុបចំនួន  ៥៣.៩៨៤ហ.ត (ចៀជ័របាន ៤៧.៤៦៨ហ.ត) និងកៅស៊ូគ្រួសារ ៨.៥៦៣,២១ហ.ត (ចៀជ័រ ៨.៥៦៣ហ.ត) ដោយស្រូបយកម្លាំងពលកម្មពីតំបន់ផ្សេងៗចំនួន ១១.៨៤១នាក់

ក្រៅពីនេះ ខេត្តមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជា ដំណាំចន្ទីដាំដុះបាន  ១១៧.៩៩០ ហ.ត ដំឡូងមី ៥៣.៣៨៤ហ.ត ស្វាយកែវរមៀត ៨.៤៥៧ហ.ត ម្រេច ១៤១ហ.ត និងតាង៉ែន ៧៥ហ.ត ។ ជាមួយគ្នានេះ ខេត្តក៏មានរោងម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទី ០៤កន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង

ជាមួយនឹងការរីកចម្រើននៃវិស័យកសិកម្មខាងលើ ខេត្តបានសាងសង់ និងជួសជុលប្រព័ន្ធធារាស្រ្តចំនួន  ២៦១កន្លែង ក្នុងនោះមានប្រព័ន្ធធារាស្រ្តធំៗចំនួន ០៣កន្លែង ដែលអាចស្រោចស្រពស្រូវវស្សា ១៣៣.១៦៩ហ.ត ស្មើនឹង ៦២% និងស្រូវប្រាំង ២៥.០៩៦ហ.ត ស្មើនឹង ៦៣% ។ លើសពីនេះ ខេត្តមានប្រភពទឹកសំខាន់ៗដូចជា ស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងតាំងក្រសាំង និងស្ទឹងជីនិត ដែលសរុបជាផ្ទៃរងទឹកភ្លៀងទំហំ ២.៨៩៣.៣២៨ហ.ត

IV. ការងារទេសចរណ៍

          ខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេគឺ រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក (ដែលបាន ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី​ ០៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ) រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទគុកនគរ រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ និងរមណីយដ្ឋានកែច្នៃស្ទឹងជីនិត ។ ក្រៅពីនេះ ខេត្តក៏មានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ១៤កន្លែង និងរមណីយដ្ឋានកសិទេសចរណ៍ ០១កន្លែងផងដែរ ។ ចំណែកសេវាផ្សេងៗទៀតដែលបម្រើដល់វិស័យទេសចរណ៍មានដូចជា សណ្ឋាគារចំនួន ០៨កន្លែង ផ្ទះសំណាក់ ៨៣កន្លែង និងភោជនីយដ្ឋាន/អាហារដ្ឋានចំនួន ១១៥កន្លែង

នៅរយៈពេល៥ ឆ្នាំកន្លងទៅនេះ ខេត្តកំពង់ធំបានទទួលភ្ញៀវទេសចរសរុបចំនួន ១.៣០០.៨៤៦នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ១.២៤០.៤៩០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៦០.៣៥៦នាក់ ។ មុនវិបត្តិជំងឺកូវីដ១៩ ភ្ញៀវទេសចរណ៍មកទស្សនាខេត្តមានប្រមាណ ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ តែក្នុងឆ្នាំ២០២០ – ២០២១ ភ្ញៀវទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុក មកត្រឹមប្រមាណ ៦ម៉ឺននាក់ក្នុង១ឆ្នាំ ។ ក្រោយពីការបើកប្រទេសឲ្យដំណើរជាប្រក្រតីឡើងវិញ វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំបាន និងកំពុងវិលត្រលប់មកភាពល្អប្រសើរឡើងវិញ ដោយក្នុងឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍មកកម្សាន្តចំនួន ២៩៤.៤១០នាក់ ធៀបឆ្នាំ២០២១ កើនឡើង ៣៥៤,៩៧%

V. ការងារអគ្គិសនី និងទឹកស្អាត

ខេត្តកំពង់ធំមានអនុស្ថានីយអគ្គិសនីចំនួន ០១ ដែលបានសាងសង់រួចជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ២០២០ មានអានុភាពផ្ទុកថាមពលអគ្គិសនីបាន ៥០មេកាវ៉ាត់ ។ ប្រភពផ្តល់ថាមពលអគ្គិសនី មាន២សំខាន់ៗគឺ អនុស្ថានីយខេត្តព្រះវិហារ មាន ១១៥គីឡូវ៉ុល និងអនុស្ថានីយខេត្តកំពង់ចាម មាន២៣០គីឡូវ៉ុល ។ ចំនួនស្ថានីយផលិត និងចែកចាយថាមពលអគ្គិសនីទូទាំងខេត្តមានចំនួន ២១ស្ថានីយ ។ អត្រាភូមិដែលមានអគ្គិសនីប្រើប្រាស់បានកើនឡើងពី៨៤,២២% នៅឆ្នាំ២០១៨ ដល់ ៩៧.៩១% នៃភូមិ៧៦៧ទូទាំង ខេត្ត ។

ដោយឡែកស្ថានីយទឹកស្អាតក្នុងខេត្តមានចំនួន ១៣មូលដ្ឋាន ដោយគិតមកទល់ពេលនេះ ខេត្តបានភ្ជាប់នាឡិកាស្ទង់ទឹកបានចំនួន ២៦.៥១៨គ្រឿង ធៀបនឹងឆ្នាំ២០១៨ មានកើនឡើងទ្វេដង ។ មកទល់ពេលនេះ សេវាកម្មទឹកស្អាតបានដាក់បំពង់ទឹកស្អាតបានចំនួន ៨៧៣.០០០ម ក្នុងភូមិចំនួន ២៣២ភូមិ ស្មើនឹង ៧៤% នៃភូមិក្នុងតំបន់សេវាកម្ម ៣១៨ភូមិ

VI. ការងារសុខាភិបាល

នៅទូទាំងខេត្តកំពង់ធំ មានកន្លែងផ្តល់សេវាសុខាភិបាលរដ្ឋចំនួន ៦៦កន្លែង ក្នុងនោះ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ៣កន្លែង មន្ទីរពេទ្យបង្អែកចំនួន ៣កន្លែង មណ្ឌលសុខភាពចំនួន ៥៦កន្លែង ប៉ុស្តិ៍សុខភាពចំនួន ៤កន្លែង ។ ក្រៅពីការផ្តល់សេវាសុខាភិបាលរដ្ឋ មានកន្លែងផ្តល់សេវាសុខាភិបាលឯកជនចំនួន ៥៦៧កន្លែង ក្នុងនោះ មន្ទីរព្យាបាល ០៧កន្លែង បន្ទប់ពិគ្រោះជំងឺ ១៤៧កន្លែង បន្ទប់ថែទាំជំងឺ ៣៣៥កន្លែង និងឱសថស្ថាន ៧៨កន្លែង

ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២០ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាខេត្តកំពង់ធំ តែដោយអនុវត្តតាមយុទ្ធសាស្រ្ត និងផែនការប្រកបដោយចក្ខុវិស័យខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ខេត្តកំពង់ធំបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យមានការរីករាលក្នុងទ្រង់ទ្រាយធំណាមួយឡើយ ។ ទន្ទឹមនឹងនេះ ផ្អែកតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាប្រចាំជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ។

VII. ការងារអប់រំ យុវជន និងកីឡា

អនុវត្តតាមគោលនយោបាយបង្កើតសាលាឲ្យនៅជិតផ្ទះ និងគោលនយោបាយឃុំមួយអនុវិទ្យាល័យ មួយ សាលារៀនបានកើនឡើងពី៧៧០សាលា នៅឆ្នាំ២០១៨ ទៅ៨០០សាលា នៅឆ្នាំ២០២២ ដែលគិតអគារសិក្សាសរុបមានចំនួន ២.៣៥៣ខ្នង ក្នុងនោះអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចំនួន​២១០ខ្នង ។

ការធានាឲ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតគឺជាកត្តាចាំបាច់ដែលត្រូវជំរុញអនុវត្តឲ្យបានហ្មត់ចត់ ។ ជាក់ស្តែង អត្រាចូលរៀនរបស់កុមារអាយុ៥ឆ្នាំមានប្រមាណ៥៩% លើទិសដៅ ៦១% ចំណែកអត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាមាន ៧៨% និងអត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាមាន ៥៦% ។ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានជោគជ័យក្នុងអត្រាប្រមាណ ៧៥%

VIII. ការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

          រដ្ឋបាលខេត្តបានគ្រប់គ្រងការប្រើប្រាស់ដីធ្លី សំណង់ និងដោះស្រាយទំនាស់ដីធ្លី ដោយសម្រេចបាននូវលទ្ធផលជាវិជ្ជមានដូចខាងក្រោម៖

  • ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តក្នុងស្រុកចំនួន០៧ ដោយបានប្រមូលទិន្នន័យ វាស់វែង និងបញ្ចូលទិន្នន័យបាន ៨១.០៣៩ក្បាលដី និងចែកប័ណ្ណបាន ៦៥.៥០៨ប័ណ្ណ
  • ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ៖ បានចុះបញ្ជីផ្ទេរសិទ្ធ ១៨.៧៦៨ប័ណ្ណ ចុះបញ្ជីដាច់ដោយដុំ ២៨៥ប័ណ្ណ និងចុះបញ្ជីដីរដ្ឋ ៤៧ប័ណ្ណ
  • ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាបានចំនួន ៩៤ករណី ក្នុងនោះ
    • ការសម្របសម្រួលដោយរដ្ឋបាលខេត្តតាមគោលនយោបាយឈ្នះៗ បានចំនួន ៦៤ករណី
    • ការប្រើប្រាស់គណៈកម្មាធិការសុរិយោដីបានចំនួន ៣០ករណី
  • បានផ្តល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ៥០៥គម្រោង សរុបជាសេវាបង់ចូលថវិការដ្ឋចំនួន ៤០៣.៨០៤.៧២១រៀល

តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋបាលខេត្តបានធ្វើពង្រាងផែនទី ហេដ្ឋារចនាសម្ព័ន្ធក្រុងស្រុកទាំង០៩បានរួចរាល់ និងបានកសាងផែនការប្រើប្រាស់ដីឃុំសង្កាត់ ដោយបានបោះពុម្ពជាសៀវភៅចែកជូនដល់ឃុំសង្កាត់ចំនួន ៣០ឃុំ/សង្កាត់

IX. ការងារសាធារណការ និងផ្លូវលំជនបទ

ផ្លូវថ្នល់ជាសរសៃឈាមយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផល និងទំនិញសព្វមុខពីខេត្តទៅខេត្ត និងពីខេត្តទៅស្រុក ដែលជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត ។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានផ្លូវជាតិសំខាន់ចំនួន ០៥ ឆ្លងកាត់គឺ ផ្លូវជាតិលេខ ៦ មានប្រវែង ១៤៤គ.ម ផ្លូវជាតិលេខ៦២ ប្រវែង ៣៦គ.ម ផ្លូវជាតិលេខ៧១ ប្រវែង ១៥គ.ម ផ្លូវជាតិលេខ៥០C ប្រវែង១៩គ.ម និងផ្លូវជាតិលេខ៦០B ប្រវែង ៧៤គ.ម ។ កំណាត់ផ្លូវខេត្តក្រាលកៅស៊ូមានចំនួន ១២ខ្សែ ប្រវែងសរុប ២០០គ.ម ។

ការអភិវឌ្ឍផ្លូវលំជនបទត្រូវបានយកចិត្តទុកដាក់ជាចាំបាច់ ដើម្បីភ្ជាប់ទំនាក់ទំនងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងពីស្រុកទៅឃុំ និងពីឃុំទៅភូមិ ។ នៅទូទាំងខេត្តមានផ្លូវលំជនបទចំនួន ១.១០៨ខ្សែ ក្នុងនោះ ក្នុងរយៈពេល ៥ឆ្នាំនេះ រដ្ឋបាលខេត្តបានសាងសង់ ជួសជុល និថែទាំផ្លូវលំជនបទបានចំនួន ៧៧ខ្សែ និងបានកែលម្អផ្លូវទៅជាកម្រាលកៅស៊ូបានចំនួន ១០ខ្សែ។

X. ការងារគ្រប់គ្រងអនាម័យ និងបរិស្ថាន

ដើម្បីរៀបចំឲ្យប្រសើរឡើងនូវសោភ័ណភាព និងអនាម័យបរិស្ថានក្នុងខេត្ត រដ្ឋបាលខេត្តបានរៀបចំទីលានចាក់សម្រាមស្តង់ដារបានចំនួន ០១កន្លែងសម្រាប់ប្រើប្រាស់រួមក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលមានទំហំ ១៩,៦៦ហ.ត ។ ដោយឡែក ស្រុក៧ ផ្សេងទៀត មានទីលានទុកដាក់សម្រាមមិនទាន់មានលក្ខណៈស្តង់ដារនៅឡើង ។ រដ្ឋបាលខេត្តបាន និងកំពុងសិក្សាទីតាំង និងពិនិត្យមើលលទ្ធភាពដើម្បីបង្កើត ឲ្យទៅជាទីលានស្តង់នាពេលអនាគត ។

បច្ចុប្បន្ន ក្រោមឥណទានធានាគារអភិវឌ្ឍអាស៊ី (ADB)  រដ្ឋបាលខេត្តកំពុងរៀបចំប្រព័ន្ធលូទឹកកខ្វក់ ទឹកភ្លៀង និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដោយសម្រេចបានលទ្ធផលបាន ៩៤,២០% ។ គម្រោងនេះ ត្រូវបានអនុវត្ត ក្នុងសង្កាត់ចំនួន០៣ នៃក្រុងស្ទឹងសែន ដែលនឹងត្រូវបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ។

XI. ទិសដៅអនុវត្តបន្ត

១.បន្តជំរុញឲ្យមានការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពិសេសការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យអស់ពីលទ្ធភាពតាមគោលការណ៍របស់គណៈបញ្ជាការដឹកនាំ បញ្ជា ត្រួតពិនិត្យ ឲ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរឲ្យស្ថិតនៅកំរិតទាប និងការងារបង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗ ។

២.បន្តពង្រឹងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ និងបន្តរៀបចំយន្តការច្រកចេញចូលតែមួយឲ្យបានគ្រប់ឃុំ/សង្កាត់ ។

៣.ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសបញ្ហាដីធ្លី ការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ។

៤.ណែនាំ និងពិនិត្យសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព គុណភាព សំណង់ និងផលប៉ះពាល់ផ្សេងៗ ក្នុងការជួសជុល និងកែសម្រួលបណ្តាសំណង់       សាធារណៈ និងសំណង់បេតិកភ័ណ

៥.ជំរុញ និងពិនិត្យលទ្ធភាពនៃការរៀបចំទីលានទុកដាក់សម្រាម និងធ្វើអាងប្រព្រឹត្តិកម្មសំណល់រាវតាមលក្ខណៈបច្ចេកទេសឲ្យបានគ្រប់ក្រុង/ស្រុក ។

៦.ជួយគាំទ្រ និងបង្កើនសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក លើការងារគ្រប់គ្រងធនធាន មនុស្ស នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុង/ស្រុក ដែលទើបធ្វើសមាហរណកម្មថ្មី ឆ្នាំ២០២០ ។

៧.បន្តជំរុញការអនុវត្តអនុសាសន៍របស់សម្តេចតេជោកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។