រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ និងគ.ខ.ប ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច គ្រប់គណបក្សនយោបាយ ដើម្បីសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតខាងមុខនេះ

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង លោក ប្រែង សាវុធ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនដល់អាជ្ញាធរ កងកម្លំាងមានសមត្ថកិច្ច និង គណបក្សនយោបាយទាំង ១៧គណបក្ស នៅក្នុងខេត្តកំពង់ធំ ឲ្យបានជ្រាបនូវសេចក្តីណែនាំរួមចំនួន ៦ចំណុចធំៗ ដើម្បីយកទៅអនុវត្ត ក្នុងអំឡុង មុនពេល និងក្រោយការបោះឆ្នោត ធ្វើយ៉ាងណាសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ ខាងមុខនេះ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ឱ្យប្រព្រឹត្តទៅដោយរលូនប្រកបលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

លោក ប្រែង សារុធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត តែងតែផ្តល់កិច្ចសហការល្អដល់គណៈកម្មាការរៀបចំការបោះឆ្នោត ក្នុងចរាចរលិខិតស្នាមកន្លងមក និងបានបញ្ជាក់ថា ភ្នាក់ងារ និងអ្នកសង្កេតការណ៍គណបក្សនយោបាយនីមួយៗ នៅក្នុងការិយាល័យបោះឆ្នោត ត្រូវមានការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះ ប្រព្រឹត្តិទៅឲ្យបានល្អ ក្នុងនោះ គណបក្សនយោបាយទាំង ១៧គណបក្សក្នុងខេត្តកំពង់ធំ ក៏ត្រូវអនុវត្តតាមច្បាប់របស់គ.ជ.ប និងមានប្រតិទិនច្បាស់លាស់ ក្នុងការហែរក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ដោយមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលហែរក្បួនជួបឃោសនាជួបគ្នានៅកន្លែងណាមួយ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមកងកម្លាំងមានសត្ថកិច្ចរួចជាស្រេច សម្រាប់ការពារនូវសុខសុវត្តិភាព ក្នុងអំឡុង មុនពេល និងក្រោយការបោះឆ្នោត ដោយត្រូវគោរពអនុវត្តតួនាទីរបស់ខ្លួនដែលបានកំណត់ជាពិសេស គឺការពារការិយល័យបោះឆ្នោតឱ្យបានល្អស្របទៅតាមច្បាប់របស់ គ.ជ.ប។

 

 

 

 

 

ឯកឧត្តមបន្ថែមទៀតថា អាជ្ញាធរ កងកម្លំាងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួលព្រមទាំងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ដល់គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយស្របច្បាប់ និងស្របតាមគោលការណ៍ការណែនាំរបស់ គ.ជ.ប ដែលនឹងត្រូវផ្តល់សិទ្ធិ និងសេរីដល់គណបក្សនយោបាយទាំងអស់ ធ្វើការឃោសនាស្វែងរកសម្លេងឆ្នោត ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ក្នុងការដឹកនាំប្រទេស ដើម្បីកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលអាចថែរក្សាការពារបានកត្តាសុខសន្តិភាពស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងប្រជាពលរដ្ឋរាចរស់នៅបានសុខដុមរមនា៕

Related Post