រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែន

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងកិច្ចប្រជុំពិភាក្សាផែនការណែនាំ ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ថ្លែងថា ដើម្បីឲ្យការរៀបចំព្រះរាជពិធីបុណ្យជាតិទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ សូមលោកអភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការងារ​ដោយយក​ចិត្តទុកដាក់ ដោយធ្វើការតុបតែងដាក់ភ្លើងបំភ្លឺនៅទីសាធារណៈ ខិតខំបន្តសហការពង្រឹងឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរបរយសាធារណៈ និងអនាម័យគ្រប់គោលដៅឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំង​អំពាវនាវដល់​បងប្អូនអាជីវករ កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានមកលេងកម្សាន្តសប្បាយ​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកទាំងអស់ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ ជាពិសេសចូលរួមវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើងមាន​សោភ័ណភាព​ស្រស់បំព្រងគួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលមានទូក ង និងចង់ចូលរួមអុំសាកល្បង នៅខេត្ត និងទៅអុំនៅថ្នាក់ជាតិ ត្រូវធ្វើការហ្វឹកហាត់ជាបណ្តើរៗ ត្រូវចាត់តាំងអនុគណៈកម្មការ​មួយមានភារកិច្ចទទួលខុសត្រូវ​លើការគ្រប់គ្រងទូក ក្នុង ក្រុង ស្រុក របស់ខ្លួន ហើយត្រូវធ្វើការណែនាំ អប់រំដល់ក្រុមកីឡាករអុំទូក ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសម្រាម បន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់​ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។ ក្នុងនោះរដ្ឋបាលខេត្ត នឹងរៀបចំផ្ដល់ ទីតាំងទីស្នាក់អាស្រ័យ និងមានរង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែល​មិនទទួលបានជ័យលាបភី​ផងដែរ។

គួរជម្រាបដែរថា នៅក្នុងពេលរាត្រី មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ដើម្បីអបអរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃនេះ។

Related Post