រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បើកយុទ្ធនាការដាំកូនឈើប្រណិត ចំនួន២ម៉ឺនដើម នៅតាមសងខាងផ្លូវ និងសួនកំសាន្តសាធារណៈនានារបស់ខេត្ត ក្រុង ស្រុក

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីសំណេះសំណាល បើកយុទ្ធនាការដាំកូនឈើប្រណិត ចំនួន២ម៉ឺនដើម នៅក្នុងបរិវេណ​វិទ្យាល័យកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា កូនឈើប្រណិតទាំងនេះ រួមមាន៖ ក្រញូង ធ្នង់ នាងនួន និងបេង បានការឧបត្ថម​ពីគម្រោង​មូលនិធិបន្សាំនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ដែលមានលោក អ៊ុក ណាវ៉ាន់ ជាអ្នកសម្របសម្រួល​គម្រោង។ កូនឈើប្រណិត ទាំង២ម៉ឺនដើមនេះ នឹងត្រូវដាំនៅតាមសងខាងផ្លូវក្នុងខេត្ត ពីរង្វង់មូលតាក្រហមក (ស្ពានពោអង្រ្កង)​ទៅដល់រង្វង់មូលដាវដែក ផ្លូវបំបែកព្រះវិហារ-សៀមរាប ហើយកូនឈើដែលនៅសល់នឹងត្រូវបែងចែក​ទៅឲ្យ​ស្រុកទាំង៨ទៀត យកទៅដាំតាមទីតាំងដែលរដ្ឋបាលស្រុកនីមួយៗបានរៀបចំ។

ឯកឧត្ដម សុខ លូ បានជម្រុញដល់ មន្ទីរ អង្គភាពទាំងអស់ ដែលទទួលបានកូនឈើនៅ ព្រឹកនេះ ត្រូវយកទៅដាំ​តាមទីតាំង​ដែលរដ្ឋបាលខេត្ត និងក្រុងស្ទឹងសែនបានរៀបចំ ហើយត្រូវខិតខំដាំកូនឈើ ទាំងនេះ ឱ្យអស់ ដាំឱ្យបានត្រឹមត្រូវតាមលក្ខណៈ​បច្ចេកទេស ហើយបន្ទាប់ពីដាំរួចត្រូវទទួលខុសត្រូវធ្វើស៊ុការពារ និងថែទាំកូនឈើទាំងអស់ដែលមន្ទីរ អង្គភាពរបស់ខ្លួនបាន​ដាំដោយ​ខ្លួនឯង រហូតដល់កូនឈើ ដុះលូតលាស់ ធំធាត់។ ប្រសិនបើកូនឈើដែលបានដាំហើយមានការខូចខាត ឬបាត់បង់​ដោយ​ប្រការណាមួយនោះ ត្រូវរាយការណ៍មករដ្ឋបាលខេត្ត ហើយត្រូវយកកូនឈើពីមន្ទីរកសិកម្ម ទៅដាំជួស ពោលមិនត្រូវ​ទុក​ឱ្យរណ្ដៅដែលខូចនោះនៅទំនេរ ដោយមិនមានការដាំថ្មីជំនួសនោះឡើយ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់​ស្រុកទាំង៨ទៀត ត្រូវយកកូនឈើទៅដាំឲ្យបានឆាប់ នៅតាមទីតាំងដែលរដ្ឋបាលស្រុកនីមួយៗបានរៀបចំ ដូចជាដាំលម្អ​តាមសង​ខាងផ្លូវ ឬសួនកំសាន្តសាធារណៈនានារបស់ស្រុក។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវស្រឡាញ់ដើមឈើ ស្រឡាញ់បរិស្ថាន រួមគ្នាដាំដើមឈើ​ដើម្បី​អនាគត​ប្រទេសជាតិយើង ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ ហើយការដាំកូនឈើ នៅថ្ងៃនេះ ទុកជាមរតកសម្រាប់​កូនចៅ​យើង​ជំនាន់ក្រោយបានដឹង និងបានស្គាល់ ប្រភេទឈើប្រណិតទាំងអស់នេះផងដែរ៕

Related Post