រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្រុកប្រាសាទសំបូរ

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្រោមអធបិតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ថ្នាក់ដឹកនាំក្នុងខេត្តគ្រប់លំដាប់ថ្នាក់ សប្បរុសជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពីលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានឡើងរាយការណ៍អំពីស្ថានភាពស្រុករួចមក ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ សប្បុរសជននានា ដែលបានលះបង់ទាំងថវិកា និងពេលវេលា ចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តថ្មីសម្បូរព្រៃគុកនាព្រឹកនេះ និងបានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ យ៉ាងអធិកអធម ប្រកបដោយភាពសប្បាយរីករាយ។ ឯកឧត្តមបន្ថែមទៀតថា ការលះពេលវេលាទាំងអស់នេះសម្រាប់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ជាធម្មតាទេ អ្នកខ្លះចង់នាំក្រុមគ្រួសារ សាច់ញាតិបងប្អូនទស្សនា កន្លែងកំសាន្តផ្សេងៗ ប៉ុន្តែមិនបានទៅទេ ដោយសារមានកាតព្វកិច្ចចូលរួមក្នុងកម្មវិធីនេះ។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាននេះ គឺគ្មានអ្វីក្រៅពីចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើង មានភាពសប្បាយរីករាយ ចង់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យស្គាល់បន្ថែមទៀត អំពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសេនាធិការលោកជំទាវរដ្ឋមន្ត្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតទទួលបានជោគជ័យនូវការដាក់បញ្ជូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនេះ។ កាលណាមានភ្ញៀវមកទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ច្បាស់ជាមានជីវភាពកើនឡើងជាងមុន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅស្រុកប្រសាទសំបូរនេះតែម្ដង។ ទន្ទឹមនឹងនោះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនៅទីជិត ទីឆ្ងាយ សូមមេត្តាប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ បើស្រវឹងសូមកុំបើកបរ ជិះម៉ូតូពាក់មួកសុវត្ថិភាព បើករថយន្តត្រូវពាក់ខ្សែក្រវាត់។

ទន្ទឹននឹងនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន បានដែលបាននូវចំណងដៃថ្មី ដល់ខេត្តកំពង់ធំ នៅផ្លូវប្រវែងជាង ៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្កកំពង់ធំឆ្នាំង មកសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងស្ពានមានប្រវែង ៣៩០០ម៉ែត្រ ឆ្លងកាត់ទន្លសាប ដែលជាស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា។

ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ធំ ជាពិសេសអ្នកដែលរស់នៅក្នុងស្រុកប្រសាទសំបូរ ត្រូវចេះរួសរាយ រាក់ទាក់ទទួលភ្ញៀវដែលមកទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកយើងនេះ ហើយការលក់ដូរផ្សេងៗ ត្រូវមានអនាម័យ ចំណែកឯកផ្នែកផ្ទះសំណាក់សណ្ឋាគារវិញ រៀបចំឱ្យបានស្អាត មានលក្ខណៈស្តង់ដារ មានអនាម័យ តម្លៃសមរម្យអាចទទួលយកបាន។

Related Post