រដ្ឋបាលខេត្តកំពង់ធំ: នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិលើកទី ១៧ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណជិត ៤០០នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងពិធីនេះដែរឯកឧត្តម សុខ លូ ថ្លែងថា ការប្រារព្ធធ្វើពិធីនេះឡើងក្នុងគោលបំណងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រទេសជាតិ និងបង្ហាញអំពីឆន្ទៈដ៏មុតមាំ ព្រមទាំងការប្តេជ្ញាដ៏ប្ដូរផ្តាច់របស់យើង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ ក្នុងការថែរក្សា ការពារសន្តិភាព និងកសាងសន្តិភាព នៅក្នុងប្រទេស ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិគ្រប់រូប។
ឯកឧត្តមបន្ថែមទៀតថា តម្លៃនៃសន្តិភាពនេះ ពិតជារកបានដោយកម្រ ព្រោះប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមអស់ជិតបីទស្សវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញ ប្រទេសជាតិខ្ទេចខ្ទីដល់លេខសូន្យ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពពេញផ្ទៃប្រទេស ជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់និងទាក់ទាញវិនិយោគទុនបរទេសកាន់តែច្រើនឡើងៗ ព្រមទាំងជាប្រទេសដែលសម្រេចបានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំទាំងអស់សូមចូលរួមក្នុងការថែរក្សាសន្តិភាព ឲ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ព្រោះថាកិច្ចការពារសន្តិភាពគឺអាចផ្ដើមចេញពីយើងទាំងអស់គ្នា។ លើសពីនេះទៀតឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរដូវវស្សានេះ ជាពិសេសអ្នកដែលរស់នៅតាមដងស្ទឹងសែន ពីព្រោះស្ថានភាពទឹកស្ទឹងនៅកំពុងបន្តកើនឡើង ដល់ចំណុចដែល ត្រូវប្រុងប្រយ័ត្ន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ដែលអាចបង្ករឲ្យ មានការលិចលង់ទ្រពសម្បត្តិ និងបង្ករឲ្យមានគ្រោះដល់អាយុជីវិតក្នុងប្រការណាមួយ ជាពិសេសក្រុម ជនងាយរងគ្រោះដូចជាកូនក្មេង និងចាសជរាជាដើម ។