រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រតនាគារខេត្ត

១. អំពីរតនាគារខេត្តកំពង់ធំ
២. សាវតា(ប្រវត្តិ)

រតនាគារ​ខេត្ត ជា​សេនាធិការ​របស់​អគ្គនាយដ្ឋាន​រតនាគារជាតិ ដែល​ត្រូវបាន​បង្កើតឡើង​តាម​អនុក្រឹត្យ​លេខ២៤ អនក្រ ចុះ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩០ ហើយ​បាន​ចាប់ដំណើរការ​កិច្ចប្រតិបត្តិការ​របស់ខ្លួន ចាប់ពី​ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩១។ 

៣. រចនាសម្ព័ន្ធ​គ្រប់គ្រង
៣.១. អំពី​កា​រិ.ចំណុះ

រតនាគារ​ខេត្ត មាន​ការិយាល័យ​ចំណុះ ០៣ គឺ៖
៣.១.១. ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក
៣.១.២. ការិយាល័យ​គណនេយ្យ​ថវិកា​ថ្នាក់ជាតិ​និង​សរុប
៣.១.៣. ការិយាល័យ​គណនេយ្យ​ថវិកា​ថ្នាក់ក្រោម​ជាតិ។

៣.២.អំពី​បុគ្គលិក

មាន​មន្ត្រី​រាជ​ការសរុប​ចំនួន ២២ រូប (ស្រី ០៩) ដូច​ក្នុង​រចនាសម្ព័ន្ធខាងលើ។

៤.ទស្សនវិស័យ ឬ​ចក្ខុវិស័យ

  ក្នុងនាម​ជា​បេឡាករ​និង​គណនេយ្យករ​សាធារណៈ​របស់​រាជរដ្ឋាភិបាល និង​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​រតនាគារជាតិ​ដែលជា​សេនាធិការ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រតនាគារ​ខេត្ត​នឹងចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការកសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យមាន​ការឯកភាព​ទូទាំងប្រទេស ហើយ​ធានា​អនុវត្ត​ប្រព័ន្ធ​នេះ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​នីមួយៗ គោលការណ៍​និង​បទបញ្ជា​គណនេយ្យ​សាធារណៈ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​គោលបំណង​ជួយ​រៀបចំ​និង​គ្រប់គ្រង​ថវិការដ្ឋ​ឱ្យ​កាន់​តែមាន​តម្លាភាព និង​គណនេយ្យភាព។ 

៥.គោលដៅ(Goal)

៦.ទិសដៅ(Objective)

 រតនាគារ​ខេត្ត​នឹង​ខិតខំ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ ក្នុង​គោលដៅ​សម្រាប់ កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ក្នុងទិសដៅ​ចូ​ល​រួម​កសាង​ខឿន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​នានា ដើម្បី​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន តាមរយៈ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ។

៧.បេសកកម្ម

៨.សកម្មភាព​ស្នូល និង​ថវិកា​របស់​មន្ទីរ​ប្រចាំឆ្នាំ(រតនាគារ​ខេត្ត​មិនមាន​ថ​វិការ​ប្រចាំឆ្នាំ​ទេ ព្រោះ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​រតនាគារជាតិ)

 បេសកកម្ម​និង​សកម្មភាព​ស្នូល​របស់​រតនាគារ​ខេត្ត​រួមមាន៖ ការជួយ​រៀបចំ​គោលការណ៍​ និង​បទបញ្ជា​គណនេយ្យ​សាធារណៈ, ការកាន់កាប់ តាមដាន​ការអនុវត្តន៍ និង​ធានា​តុល្យភាព​គណនេយ្យ​ទូទៅ​និង​មជ្ឈការ​គណនី, ចូលរួមចំណែក​ក្នុង​ការកសាង​សេចក្តីព្រាងច្បាប់​សម្រាប់​ទូទាត់​ថវិកា​ប្រចាំឆ្នាំ និង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការតាមដាន​ការអនុវត្តន៍​គោលនយោបាយ​រូបិយវត្ថុ។

រតនាគារ​ខេត្ត​ផ្តល់​សេវាកម្ម​ដូចខាងក្រោម៖

  • គ្រប់គ្រង​ប្រាក់កាស​រដ្ឋ មូលប័ត្រ​រដ្ឋ និង​សញ្ញាប័ណ្ណ​រដ្ឋ
  • គ្រប់គ្រង​តុល្យភាព​សាច់ប្រាក់ និង​ចំណូល ចំណាយ​ថវិកាជាតិ
  • រៀបចំ​គោលការណ៍ និង​ការបិទបញ្ជី​គណនេយ្យ​សាធារណៈ
  • ផ្តល់​សេវា​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​លើ​ការទូទាត់​ការចំណាយ​ផ្សេងៗ
  • បើក​បៀវត្ស និង​ប្រមូល​ចំណូល​ស្រប​តាមច្បាប់​ហិរញ្ញវត្ថុ​ជាធរមាន
  • ចូលរួម​រៀបចំ​គម្រោង​ថវិកាជាតិ​ប្រចាំឆ្នាំ​ដើម្បី​បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ

ក-សេវាកម្ម​គ្រប់គ្រង​ចំណូល

-ផ្តល់​សេវាកម្ម​ដល់​មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្ត​ក្នុង​ការកត់ត្រា បង្វែរ/ផ្ទេរ គ្រប់គ្រង និង​ធ្វើ​របាយការណ៍​អំពី​ចំណូល​ថវិកា​ថ្នាក់ជាតិ​និង​ថវិកា​ថ្នាក់ក្រោម​ជាតិ (រួមមាន​ចំណូល​ពន្ធដារ, ពន្ធគយ, និង​ចំណូល​មិនមែន​សារពើពន្ធ) ដែល​បានទទួល​ក្នុង​គណនី​ទោល​រតនាគារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារពាណិជ្ជ ព្រមទាំង​ផ្ទៀងផ្ទាត់​ជាប្រចាំ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារពាណិជ្ជ និង​មន្ទីរ អង្គភាព​ដែល​ប្រមូល​ចំណូល។

ខ-សេវាកម្ម​គ្រប់គ្រង​ចំណាយ​និង​ទូទាត់

-ផ្តល់​សេវា​បើក​ផ្តល់​បៀវត្ស ប្រាក់​ឧបត្ថម​និង​លាភការ​ផ្សេងៗជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ទូទាំង​ខេត្ត (តាម​ប្រព័ន្ធ​ធនាគារ) និង​ទាន់ពេលវេលា​នៅ​សប្តាហ៍​ទី៤នៃ​ខែ។
-ផ្តល់​សេវា​ដល់​មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្ត​ក្នុង​ការទូទាត់​ចំណាយ​ផ្សេងៗជូន អត្ថគាហកៈ​ដោយផ្ទាល់​តាមរយៈ​គណនី​នៅ​ធនាគារ។

គ-សេវាកម្ម​កាត់​ពន្ធ​លើ​អាណត្តិ​បើកប្រាក់

-កាត់​ពន្ធអាករ​តាម​ការកំណត់​នៃ​ច្បាប់ជាធរមាន សម្រាប់​អត្ថគាហកៈ​ដែល​ជាប់ពន្ធ
-កាត់​ពន្ធលើប្រាក់បៀវត្ស
-បង្វិល​សង​ប្រាក់​អាក​រលើ​តម្លៃបន្ថែម។

ឃ-សេវាកម្ម​គ្រប់គ្រង​ប្រាក់កក់

គ្រប់គ្រង (ទទួល​កត់ត្រា និង​បង្វិល​សង)ប្រាក់កក់​ធានា​ការដេញថ្លៃ និង​ប្រាក់កក់​ធានា​ការអនុវត្ត​កិច្ច​ន្យា។ 

៩.ស្ថាន​ភាពទូទៅ​នៃ​វិស័យ​មន្ទីរ​អង្គភាព(សក្តានុពល និង​បញ្ហា​ប្រឈម)

   ដោយ​ត្រូវ​ផ្តល់​សេវាកម្ម​ដូច​មាន​ខាងលើ​ជូន​ដល់​គ្រប់​មន្ទីរ អង្គភាព ក្រុង-ស្រុក (០៨) និង​ឃុំ-សង្កាត់ (៨១) ទូទាំង​ខេត្តកំពង់ធំ ទាំង​ថវិកា​ថ្នាក់ជាតិ​និង​ទាំង​ថវិកា​ថ្នាក់ក្រោម​ជាតិ និង​ដោយ​ត្រូវ​ចុះ​ប្រតិបត្តិការ(កិច្ចបញ្ជិកា​គណនេយ្យ)ទាំងអស់​ក្នុង “ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ” (Financial Management Information System) ហៅ​កាត់ “FMIS” រតនាគារ​ខេត្ត​តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ត្រូវ​ចំណាយពេល​ច្រើន សម្រាប់​ការត្រួតពិនិត្យ​សក្ខី​ប​ត្រ និង​ចំណាយពេល​សម្រាប់​ការចុះ​ប្រតិ​បត្ត​ការ​ទាំងអស់​ទៅក្នុង​ប្រព័ន្ធ FMIS ឱ្យបាន​ត្រឹមត្រូវ​មុន​ធ្វើ​ការបើក​ផ្តល់ ជាពិសេស រាល់ពេល​បើក​បៀវត្ស​ប្រចាំខែ​ជូន​មន្ត្រីរាជការ​ស៊ី​វីល និង​កងកម្លាំង​ទូទាំង​ខេត្ត ជា​ពេល​ដែលមាន​ប្រតិ​បត្ត​ការ​ច្រើន។ ទោះ​ជាមាន​ប្រតិ​បត្ត​ការ​ច្រើន​រាល់ពេល​បើក​បៀវត្ស​ប្រចាំខែ​ក៏ដោយ ក៏​មន្ត្រី​ជំនាញ​នៃ​រតនាគារ​ខេត្ត​តែងតែ​ព្យាយាម​បំពេញការងារ​របស់ខ្លួន​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​បើក​បៀវត្ស​ជូន​មន្ត្រីរាជការ​ស៊ី​វីល និង​កងកម្លាំង​ទូទាំង​ខេត្ត​ឱ្យបាន​ទាន់ពេលវេលា​ក្នុង​សប្តាហ៍​ទី៤នៃ​ខែ​នីមួយៗ តាមរយៈ​ប្រព័ន្ធ​ធនាគារ។

១០.អ​សយ​ដ្ឋាន និង​លេខ​ទំនាក់ទំនង(លេខ​មន្ទីរ ឬ​លេខ​ប្រធានមន្ទីរ)

អាស័យដ្ឋាន​ស្ថិតនៅ​ភូមិ​ទី១, សង្កាត់​កំពង់ធំ, ក្រុង​ស្ទឹងសែន, ខេត្តកំពង់ធំ
(នៅ​ខាងកើត​ជាប់​របង​សណ្ឋាគារ​ស្ទឹងសែន តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹងសែន)
លេខទូរស័ព្ទ​អង្គភាព៖ ០៦២ ២១០ ៤២២ ឬ ០៦២ ២០១ ៤២១