(រដ្ឋបាលខេត្តកំពង់ធំ): សាលារៀននៅខេត្តកំពង់ធំចំនួន ២៨៧សាលា ចាប់ផ្តើមបើកអោយដំណើរការ ចូលរៀនឡើងវិញ នៅតំបន់ដែលមានហានិភ័យទាប នៅព្រឹកថ្ងៃទី២០ខែកញ្ញា នេះ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាវិទ្យាល័យតាំងគោក ស្រុកតាំងគោក និងសាលាវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា ការបើកឲ្យដំណើរការចូលរៀនឡើងវិញនេះ គឺជាឱកាសល្អសម្រាប់ក្មួយៗសិស្សានុសិស្ស ជាពិសេសសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីបានចូលរៀន និងប្រឡងយកសញ្ញាបត្របឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេលខាងមុខនេះ។ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលត្រូវមកបង្រៀន គឺត្រូវតែចាក់វ៉ាក់សាំងកាតព្វកិច្ច មុននឹងចូលបង្រៀន ប្រសិនបើលោកគ្រូ អ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងកាតព្វកិច្ចទេ គឺមិនតម្រូវឲ្យចូលបង្រៀននោះទេ ។ ចំណែកក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ មិនមែនជាវ៉ាក់សាំងកាតព្វកិច្ចនោះទេ ប៉ុន្តែត្រូវតែចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមការស្ម័គ្រចិត្ត ដើម្បីការពារខ្លួនយើង ការពារក្រុមគ្រួសារយើង ជៀសផុតពីការឆ្លងជំងឺកូវីដ១៩។
ឯកឧត្តមបន្ថែមទៀតថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារខ្លួនយើងមិនឲ្យឆ្លងនូវជំងឺកូវីដ១៩ ទោះបីយើងចាក់វ៉ាក់សាំងហើយក៏ដោយ មិនមែនបានន័យថា មិនឆ្លងនោះទេ គ្រាន់តែកាត់បន្ថយការឆ្លង អត្រាឆ្លងតិច ប្រសិនបើឆ្លងក៏វាមិនឈឺធ្ងន់ធ្ងរ ឬក៏បណ្ដាលឲ្យស្លាប់នោះទេ ជាពិសេសត្រូវរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងកុំភ្លេចនូវវិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល។ ហើយនៅថ្ងៃខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វែងរកវ៉ាក់សាំងបន្ថែមទៀត ដូសទី៣ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។
លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់ សូមចូលរួមគោរពនូវវិធានការទាំងនេះបានល្អប្រសើរ ពេលមករៀន ត្រូវភ្ជាប់មកជាមួយនូវទឹកអាកល់ ឧស្សាហ៍លាងដៃនិងសាប៊ូ ត្រូវពាក់ម៉ាសឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅ ហើយសង្ឃឹមថាការបើកសាលារបស់យើងនៅក្នុងខេត្តកំពង់ធំនៅពេលនេះ នឹងមិនបិទវិញនោះទេ។
ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋទាំងទូទាំងខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរច្បាស់លាស់ ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ប្រសិនបើយើងមិនមានវ៉ាក់សាំងចាក់នោះទេ ហើយក៏មិនដឹងថាឆ្លងជំងឺដ៏កាចសាហាវនេះ នឹងស្លាប់ប៉ុន្មាននោះទេ។
ជាចុងក្រោយឯកឧត្តម សុខ លូ បានអំពាវនេះបងដល់បងប្អូនសប្បុរសជន មាតាបិតាសិស្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបន្តជួយឧបត្ថម្ភម៉ាស់ ទឹកអាល់កុល សាប៊ូ ជែលលាងដៃ…..ដល់សាលារៀន ដើម្បីជួយអោយដំណើរការបើកសាលារៀនឡើងវិញកាន់តែរលូន បានទទួលជោគជ័យ ដើម្បីឈានទៅរកការដាក់អោយដំណើរការជាបន្តបន្តបន្ទាប់ទៀត ។