រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ«ទេសចរណ៍ និង ការអភិវឌ្ឍន៍ជនបទ»

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធី អបអរសាទរ​ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ «ទេសចរណ៍ និង ការអភិវឌ្ឍន៍ជនបទ» នៅ​សួនស្ទឹងសែន នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរទេចរណ៍ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអានលិខិតអបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោមប្រធានបទ«ទេសចរណ៍ និង ការអភិវឌ្ឍន៍ជនបទ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្នវិស័យ​ទេសចរណ៍​កម្ពុជាបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ហើយបាននិងកំពុងប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានខិតខំអភិវឌ្ឍន៍ក្រុងស្ទឹងសែន និងតាមបណ្​ក្រុងស្រុក ជាពិសេសតាមបណ្តាគោលដៅទេសចរណ៍នៅក្នុងខេត្តកំពង់ធំ ក្លាយជាតំបន់មានការចាប់អារម្មណ៍​បំផុត ដើម្បីទាក់ទាញ់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាតាមរមណីយដ្ឋាននានា ប្រកបដោយ​អារម្មណ៍​ស្រស់ស្រាយ មានសុវត្ថិភាព សុខមាលភាព ស្របតាមយុទ្ធសាស្រ្តមួយ​ក្នុងគោលនយោបាយ​អភិវឌ្ឍន៍ជនបទ ដែលត្រូវមានផែនការអភិវឌ្ឍន៍ជាក់លាក់ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន​ក្នុង​ទម្រង់​ភាពជាដៃគូរដ្ឋ ឯកជន និងប្រជាជន ឱ្យកាន់តែសកម្មក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំ មិនទាន់ដល់កម្រឹតកំពស់ប្រកាសប្រុងប្រយ័ត្ននោះទេ ហើយក៏មិនទាន់មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះដែរ ប៉ុន្តែ​យើងក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាពគ្រប់ក្រុងស្រុករួចហើយ សម្រាប់ជម្លាសបងប្អូនដែលទទួល​រងគ្រោះ​ទឹកជំនន់ នៅពេលទឹកជំនន់កើតមានឡើង ។ ទន្ទឹមនឹងនោះ សម្រាប់ដំណាំស្រូវវស្សានៅក្នុងខេត្តកំពង់ធំ កំពុងតែពេញល្អ ដោយសារមានទឹកគ្រប់គ្រាន់ មិនទាន់មានបណ្តាលឲ្យមានការខូចខាតនោះទេ ។

លើសពីនេះទៀត ឯកឧត្តមបានបញ្ជាក់ថា ថិតនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ ដោយមាន​ការខិតខំប្រឹង​របស់រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ និងមាន​ការ​ចូលរួមពីយើងទាំងអស់គ្នា អាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួច​ដែលបាន​ទទួល​ការ​ត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ​ប្រកបដោយភាពហ្មត់ចត់។

Related Post