រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំចុះពិនិត្យស្ថានភាពទឹកនៅស្រុកស្ទោង​ខណៈពេលដែលទឹកស្ទឹងមានការប្រកាសអាសន្ន


(រដ្ឋបាលកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាព​ពាក់ព័ន្ធ ចុះតាមដាន និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ស្រប​ពេល​ដែលដំណក់ទឹកភ្លៀង នាព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០២០នេះ។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត និងសហការីបានចុះទៅ​ពិនិត្យ​នៅ​ទីរួមស្រុកស្ទោង ,ទំនប់បង្ហៀរទឹក ៣០កញ្ញា ស្ថិតក្នុងប្រជុំបីស្រុកមានស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នៅពេលថ្មីៗកន្លងមកនេះ រដ្ឋបាលខេត្តបានចេញ​សេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបនានាទៀត ឲ្យបង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់នេះរួចមកហើយនិងជូនដំណឹងពីការផ្អាកចរាចរណ៍លើផ្លូវមួយចំនួន​ក្នុង​ខេត្ត។ ដោយឡែកនៅថ្ងៃនេះ បន្ទាប់ពីទឹកស្ទឹងសែន បានបន្តហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន ឯកឧត្តម​អភិបាលខេត្តបានដឹកនាំមន្ត្រីចុះពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀងនេះ និងបានដាក់បទបញ្ជាដល់អាជ្ញាធរ​មូលដ្ឋានគ្រប់​លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ទន្ទឹមនេះទៀតអភិបាលខេត្តបានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកភ្លៀង នៅតាម​មូលដ្ឋានរៀងៗខ្លួន ឲ្យបានជាប្រចាំ និងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្​ឋទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង បង្ករជាគ្រោះមហន្តរាយ បំផ្លិចបំផ្លាញលំនៅដ្ឋាន ភូមិករ និងទ្រព្យសម្បត្តិរបស់ពួកគាត់។

បន្ថែមពីនេះទៀតឯកឧត្តមក៏បានដាក់បទបញ្ជាដល់មន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងទាំង៣ ត្រូវត្រៀម​មធ្យោបាយ​សរុប និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងរដូវភ្លៀងធ្លាក់ និងគ្រោះទឹក​ជំនន់នេះឲ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់ឲ្យរងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀងជាដាច់ខាត។

Related Post