រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ៖ យើងត្រូវរួមគ្នាចូលរួមទប់ស្កាត់ លុបបំបាត់សកម្មភាពដែលបង្ក​​ឱ្យមានគ្រោះថ្នាក់ចរាចរណ៍

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានធ្វើការ អំពាវនាវ ដល់ឯកឧត្តមលោកជំទាវ លោកលោកស្រី មន្រ្តីរាជការ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ប្រមាណ ៨០០នាក់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅស្រុកកំពង់ស្វាយ «យើងត្រូវរួមគ្នាចូលរួម​ទប់ស្កាត់ លុបបំបាត់ សកម្មភាព ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ពេលត្រឡប់ទៅវិញសូមជួយ​ផ្សព្វផ្សាយបន្តដល់​បងប្អូន​មិត្តភ័ក្រ្ត​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។ ការជួយផ្សព្វផ្សាយគឺជាកាយវិការមនុស្សធម៌មួយដ៏ប្រពៃ ព្រោះយើងអាចបានចូលរួមចំណែក​ជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់ ដើម្បីកុំឲ្យការសប្បាយដើរកម្សាន្ត ឬការធ្វើដំណើរ​ទៅសួរសុខទុក្ខបងប្អូននៅស្រុកកំណើត ក្លាយជាសោកនាដកម្មនៅក្នុងគ្រួសារទៅវិញ»។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម សុខ លូ ក៏បានលើកឡើងពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍​រហូតដល់មានការស្លាប់ និងរបួសបង្ក គឺបង្កឡើងដោយសារអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ ខ្វះការគោរព​សិទ្ធិគ្នា​បង្កភាពអណាធិបតេយ្យដូចជា៖ បើកបរក្នុងល្បឿនលឿនហួសកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកបរប្រណាំងប្រជែង បើកបរមិនគោរពផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ជាដើម។ល។ ដែលបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាត​ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនៅកុមារកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាក​ជាច្រើនមកលើសង្គមកម្ពុជា របស់យើង។

ការប្រារព្ធទិវារំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាការពញ្ញាក់ស្មារតីរបស់​រាជរដ្ឋាភិបាលកម្ពុជា​ឱ្យលាន់ស្នូរកងរំពងសព្វទិសទី រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់​ផ្លូវទាំងអ្នកថ្មើរជើង ទាំងអ្នកបើកបរយានយន្ដគ្រប់ប្រភេទ ឱ្យផ្លាស់ប្ដូរឥរិយាបថ ដែលមិនគោរពច្បាប់មកប្រកាន់យក​ឥរិយាបថ​គោរពច្បាប់ មានសណ្ដាប់ធ្នាប់ មានអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ នៅពេលបើកបរ​យានយន្ដ ដើម្បីរួមគ្នាទប់ស្ដាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រមទាំងកាត់បន្ថយទុក្ខសោក និងភាពក្រីក្ររបស់​ប្រជាពលរដ្ឋឱ្យ​ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៕

Related Post