រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងបន្តចុះសាកសួរសុខទុក្ខនៅបុរីកុមារខេត្តកំពង់ធំ មុននឹងឯកឧត្តមត្រូវទៅទទួលភារកិច្ចថ្មីជាអភិបាលខេត្តបាត់ដំបង

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជួប​សំណេះ​សំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីចូលនិវត្តន៍ និងបន្តចុះសាកសួរសុខទុក្ខនៅបុរីកុមារខេត្តកំពង់ធំ មុននឹងឯកឧត្តមត្រូវទៅទទួលភារកិច្ចថ្មីជាអភិបាលខេត្តបាត់ដំបង នាពេល​ដ៏ខ្លីខាងមុខនេះ ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ សូមបន្តខិតខំ​រក្សានូវ​កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍន៍អង្គភាពអោយមានការរីកចម្រើន ជាពិសេស​ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។

ឯកឧត្តមសុខលូបន្ថែមទៀតថា នៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម បានធ្វើឲ្យខេត្តកំពង់ធំមានការអភិវឌ្ឍ លេចចេញ​នូវសមិទ្ធិផលជាច្រើន ដែលកើតចេញពីកត្តាសាមគ្គីភាព ឆ្ពោះទៅរកការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ផ្តោតសំខាន់​លើ​ផលប្រយោជន៍​រួម និងសម្បត្តិជាសាធារណៈ។ ឯកឧត្តមបន្តថា គ្រប់រចនាសម្ព័ន្ធដឹកនាំ ត្រូវមានមន្ត្រីក្រោម​ឱវាទជា​អនុវត្តន៍ការងារ ក្រោមការពិនិត្យ និងវាយតម្លៃដោយប្រធានគ្រប់ការិយាល័យគ្រប់ផ្នែក។ ការអនវុត្តន៍ការងារបានល្អ ដោយសារ​មានកត្តាសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ នោះមានន័យថា ការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពង់ធំ រួមជា​សមិទ្ធផល​ធំៗក្នុងអាណាត្តិរបស់ឯកឧត្តមផងដែរ។ សមិទ្ធផលធំៗរួមមាន វិមានឯករាជ្យ កសាងឡើងស្ទើរចំកណ្តាល​នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចប្រសព្វផ្លូវខ្វែងជាបួន ដែលមានអត្ថន័យសំខាន់បំផុតបង្ហាញពីឯករាជ្យភាព បូរណៈភាព​ទឹកដី រួមជាមួយសួនច្បារសម្អរផង, ការរៀបចំអភិវឌ្ឍន៍សួនកុមារ មកជាសួនស្ទឹងសែន ស្ថិតនៅ​តាមបណ្តោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាទីកន្លែងសម្រាប់កំសាន្ត កន្លែងសម្រាប់ហាត់ប្រាណ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល រួមជាមួយអ្នកដំណើរឆ្លងកាត់ផង, រូបសំណាក់ដាវដែកកំពង់ស្វាយ បញ្ជាក់ពីកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត ក្នុងទឹកដីក្នុងខេត្តកំពង់ធំ និងដើម្បីផ្តល់នូវសក្ខីភាព ចងចាំដល់បទចម្រៀង ដែលច្រៀង​ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កុលបុត្រកុលធីតាខ្មែរគ្រប់, រូបសំណាក់អាចារ្យលាក់ បង្ហាញនូវសេចក្តីដឹងគុណ​បុព្វបុរសខ្មែរ ក្នុងនាមជាកូនជាចៅជំនាន់ក្រោយមិនអាចបំភ្លេចបាន, លោកតាក្រហម ក៏សាងឡើងស្របតាមជំនឿប្រវត្តិសាស្រ្ត ជំនឿ​សាសនារបស់ប្រជារដ្ឋគ្រប់រូប បន់ស្រន់សុំសេចក្តីសុខ។ ក្រៅពីសមិទ្ធផលទាំងនេះ ខេត្តកំពង់ធំ បានអភិវឌ្ឍន៍​ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធគ្រប់ផ្នែក គ្រប់សង្កាត់ ក្រុង ស្រុក ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ សំដៅបានការអភិវឌ្ឍន៍ឆ្ពោះទៅមុខ និងព្យាយាមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ ទន្ទឹមនោះសមិទ្ធផលដែលមិនអាចមើលរំលងបាននោះ គឺការអភិវឌ្ឍន៍ច្រាំងស្ទឹងសែន ការរៀប​ចំពង្រីក​សួនសម្តេចតេជោ រៀបចំឲ្យមាននិមិត្តសញ្ញារបស់រដ្ឋបាលខេត្តកំពង់ធំ និងដាក់ពាក្យស្លោកមួយឃ្លា “ខ្ញុំស្រឡាញ់ខេត្តកំពង់ធំ” ជាអនុវស្សាវរីយ៍។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការសិក្សាស្រាវជ្រាវ ក្រោមកិច្ច​សហការ សាមគ្គីភាពរបស់អង្គភាពមន្ទីរជំនាញ រួមជាមួយអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ហើយក៏បានរៀបចំចងក្រង​ជាឯកសារ​សៀវភៅសម្រាប់បន្សល់ទុកដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ ផងដែរ។

Related Post