រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងត្រៀមរៀបចំផែនការមួយចំនួនដើម្បីថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងត្រៀមរៀបចំផែនការណែនាំស្តីពី:
១.ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
២.ការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ៨ ឆ្នាំ
៣.ការរៀបចំខួបលើកទី ២៧ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
៤.ការរៀបចំព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការគ្រង ព្រះបរមរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
៥.ការរៀបចំទិវាសន្តិភាពអន្តរជាតិលើកទី១៨
៦.ការផ្អាករៀបចំព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងឆ្នាំ២០២០នេះ។

ថ្លៃនៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា រៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ធំ រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត តែងតែបានចូលរួមកាន់បិណ្ឌនៅតាមវត្តមួយចំនួននៅក្នុងខេត្ត ដើម្បី​ឧទ្ទិសកុសល​ជូនដល់បុព្វ​ការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ តាមប្រពៃណីជាតិ និង​ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ប្រព្រឹត្តទៅ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ខែកញ្ញា ឆ្នាំ ២០២០នេះ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានណែនាំដល់សមត្ថកិច្ចទាំងអស់​ត្រូវយកចិត្តទុកដាក់​ខ្ពស់​ដោយភាព​ទទួល​ខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារ​ឲ្យបាន​សុខសុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។ ក្នុងនោះបានជម្រុញ​ដល់ លោកអភិបាលក្រុងស្រុក ខិតខំបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការឆ្លងរីករាលដាល​នៃការឆ្លង​ជំងឺកូវីដ១៩ នៅតាមទីសាធារណៈ ក៏ដូចជានៅក្នុងវត្តអារាមជាដើម ក្នុងគោលបំណងទប់ស្កាត់ការឆ្លងនូវជំងឺ​ដ៏កាច​សាហាវ​មួយនេះ។

 

Related Post