រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំតាមរយៈ​ប្រព័ន្ធវីដេអូMicrosoft Teams ដើម្បីណែនាំដល់អភិបាលក្រុង ស្រុក ត្រៀមរៀបចំទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ទ្រង់ទ្រាយធំ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ

(រដ្ឋបាលខេត្តកំពង់ធំ)÷នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ (Microsoft Teams) ជាមួយអភិបាលក្រុងស្រុកទាំង៩ ក្នុងការត្រៀមទីតាំង​សម្រាប់យុទ្ធនាការទ្រង់ទ្រាយធំនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ធំ។ ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកនាយក​រង​រដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីសុខាភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំដល់លោកអភិបាលក្រុងស្រុកទាំង៩ ត្រូវ​ណែនាំ​បន្ដទៅ មេឃុំ មេភូមិ ត្រូវធ្វើការអំពាវនាវដល់់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួក​គាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតត្រូវបន្តស្រង់ឈ្មោះ​ប្រជាពលរដ្ឋដែលមាន​អាយុ​ចាប់​ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុក ដើម្បីត្រៀម​យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្ត ។

ជាមួយនេះដែរឯកឧត្តម សុខ លូ ក៏បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះគឺចាក់​ជូនដល់មន្ត្រីរាជការដែលនៅសេសសល់ អាជ្ញាធរដែនដី ប្រជាពលរដ្ឋអាទិភាពដូចជាអាជីវករ អ្នករត់តាក់ស៊ី ម៉ូតូឌុប និងបន្ទាប់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត។

ចុងក្រោយ ឯកឧត្ដម សុខ លូ បានបញ្ជាក់បន្ថែមដល់អាជ្ញាធរក្រុងស្រុក ត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បី​បង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូម​រៀបចំ​បំពាក់​ម៉ាស៊ីនបាញ់ថ្នាំ សម្លាប់មេរោគ ម៉ាស៊ីនវាស់កំដៅ រក្សាគម្លាត សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ចៀសវាងការ ប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកូវីដ១៩ ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួង សុខាភិបាលនូវវិធានការ ៣.ការពារ និង ៣.កុំ ឱ្យបានខ្ជាប់ខ្ជួន៕

Related Post