រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនងាយរងគ្រោះ នៅស្រុកកំពង់ស្វាយ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​ដ៍ថ្លៃថ្លារបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ ចំនួន ៦១គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋមានជីវិភាពជួបការលំបាកទាំងអស់ក្នុងស្រុកកំពង់ស្វាយ ដោយក្តីនឹករលឹក និងអាណិត​អាសូរបំផុត ដែលជានិច្ចជាកាល សម្ដេចទាំងទ្វេតែងតែគិតគូខ្វល់ខ្វាយពី​សុខទុក្ខពលរដ្ឋ​ខ្មែរ​គ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែល​ពលរដ្ឋ​មាន​ទុក្ខលំបាក ទីនោះគឺមានកបាទក្រហមជានិច្ច»។

ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្តថែទាំរក្សាសុខភាព ដោយអនុវត្តតាម វិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេស​កម្ពុជាយើង បានថមថយ យ៉ាងណាក៏ដោយ ដរាប ណាមិនទាន់មានថ្នាំវ៉ាក់សាំងការពារគ្រប់គ្រាន់ទេនោះ សូមបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចអំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ នៃការរីករាល​ដាល​មេរោគកូវីដ១៩ កុំអោយមានឆ្លងនៅក្នុងសហគមន៍របស់យើង ហើយនៅតែបន្តការប្រុង ប្រយ័ត្នជាប់ជានិច្ច ។ ជាពិសេសត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃ​នឹង​សាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង នៅពេលក្អក ឬកណ្ដាស ហើយត្រូវរក្សាគម្លាតពីគ្នាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។ ដោយឡែកសម្រាប់នៅ​តាម​ភោជនីយ៍ដ្ឋានយើងក៍បានធ្វើការណែនាំពីអនាម័យតាមរយៈការដាក់សាប៊ូឬអាកុលឲ្យភ្ញៀវលាងដៃមុននិងចូល​​ភោជនីយ៍ដ្ឋានផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូល​រួម​គោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេស​កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើ​មាននរណាម្នាក់សង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយក​ពួកគាត់​ទៅ​បន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅ​ប្រចាំថ្ងៃ​បន្ថែម​ទៀត។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក ចំនួន ៦១គ្រួសារ ក្នុង១គ្រួសារ ៗ ទទួលបានអង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ មី ១កេស នសាប៊ូ ១ដុំ និងច្រាសដុសចំនួន ១។

Related Post