រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកអំណោយសម្តេចតេជោ ជួបសំណេះសំណាលជាមួយ​ពលករ​ដែល​ទើបវិលត្រឡប់មកពីប្រទេសថៃ នៅយប់ថ្ងៃទី ១៤ខែមីនា នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ នឹងបន្តជួបពលករកំពុងធ្វើចត្តាឡឺស័កនៅស្រុក ចំនួន ៤ ក្នុងខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃនៅយប់ថ្ងៃទី ១៤ ខែមីនា ចំនួន ៦៦នាក់ ត្រូវបានឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយក​អំណោយសម្ដេចតេជោ (ឃីត ១កញ្ចប់) ជូនបងប្អូនពលករនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបន្ត​ជួប​ពលករដែល​កំពុងធ្វើចត្តាឡឺស័កនៅស្រុកសន្ទុក ចំនួន ៣៦នាក់ ស្រុកបារាយណ៍ ចំនួន ៧១នាក់ ស្រុកតាំងគោក ចំនួន ៤៣នាក់ និងស្រុកកំពង់ស្វាយ ៣៥នាក់ សរុបទាំងអស់ ចំនួន ២៥១នាក់ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្តេចកិតត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់រូបដែលកំពុងធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌលទាំងអស់ទូទាំងខេត្តកំពង់ធំ ព្រមទាំងផ្តាំផ្ញើ ឲ្យអាជ្ញាធរខេត្ត អាជ្ញាធរស្រុក សូមយកចិត្តទុកដាក់ចំពោះពុកម៉ែបងប្អូន ទោះបីជាមានការ​លំបាក​យ៉ាងណា​ក៏ដោយ ត្រូវខិតខំជួយបងប្អូនឱ្យអស់លទ្ធភាព។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ បានអំពាវនាវដល់ពលករទាំងអស់ បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមាន នៅពេលត្រឡប់ទៅផ្ទះវិញ សូមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស សូមរក្សាអនាម័យ ត្រូវពាក់​ម៉ាស់នៅពេលចាំបាច់ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាកុល ឬជែល រក្សាគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិចឲ្យបាន ១.៥ម៉ែត្រ កុំទៅកន្លែងបិទជិត កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា និង​ចូលរួម​ស្កេន QR Code នៅគ្រប់ទីកន្លែងដែលពុកម៉ែបងប្អូនទៅដល់ ដែលអាចទទួលបានដំណឹង​ឆាប់​រហ័ស ប្រសិនបើទីតាំងនោះ មានករណីឆ្លងជំងឺកូវីដ១៩ ។

ចុងក្រោយ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ ក្រុង-ស្រុក ទាំង ៩ សូមធ្វើការណែ​នាំដល់​បងប្អូន​ប្រជាពលរដ្ឋដែលមានបំណង ចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកបណ្ដោះអាសន្ន លើកលែង​ចំពោះ​ពិធីបុណ្យ​ចាំបាច់ដូចជា បុណ្យសព បុណ្យគំរប់ខួប ៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែ​ណែនាំដល់ម្ចាស់​កម្មវិធី ធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួមទាំងអស់ ការធ្វើអនាម័យ និងការវាស់កំដៅ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព បុគ្គល និងសង្គម ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។

Related Post