រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ ចែកជូនគ្រួសារ​យោធិនចំនួន ២៥គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក

ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសមាជិក សមាជិកា បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋ ចំនួន ២៥គ្រួសារ ជាគ្រួសារយោធិន ដែលមានជីវភាពខ្វះខាត នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ក្នុងពិធីចែកអំណោយនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកទឹកចិត្តគ្រួសារយោធិន ដែលបានតស៊ូរួមរស់ជាមួយស្វាមី និងបានផ្តាំផ្ញើរដល់ក្រុមគ្រួសារយោធិន ដែលបានស្នាក់នៅជាមួយគ្រួសារ ក្នុងបន្ទាយ ទាំងអស់ឲ្យចេះស្រឡាញ់ មានការយោគយល់ សាមគ្គីគ្នា និងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចៀសវាងបង្ករឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង និងសូមឲ្យបងប្អូនថែរក្សាសុខភាព និងអនាម័យ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ។

ត្រូវជួយអប់រំកូនចៅឲ្យខិតខំរៀនសូត្រ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ចំណុចសំខាន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ មនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងគ្រោះ​មហន្តរាយធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្តាក់ រលំដើមឈើ រលំផ្ទះជាដើម ។

ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនទំាងអស់ ធ្វើយ៉ាងណា ខិតខំប្រកបមុខរបរបន្ថែមដូចជា ការដាំបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ ។ ក្នុងនោះសម្ភារៈដែលត្រូវចែកជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងឃីត ១កញ្ចប់ផងដែរ ៕

Related Post