រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ផ្តល់សម្ភារមួយចំនួន ដល់អាជ្ញាធរក្រុងស្រុក ដើម្បីរួមគ្នាទប់ស្កាត់ និងប្រឆាំងការឆ្លងរីករាលដាលជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ ព្រមទាំង អំពាវឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព និងអនាម័យ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២០ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តល់នូវ​សម្ភារមួយចំនួន ដល់អាជ្ញាធរក្រុងស្រុក ដើម្បីរួមគ្នាទប់ស្កាត់ និងប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបន្តដំណើរចុះតាមខ្នងផ្ទះនៅក្រុងស្ទឹងសែន និងស្រុកសន្ទុកបន្ថែមទៀត ដើម្បីពន្យល់ណែនាំ អំពីវិធាន​ការការពារជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការអនាម័យងាយៗ ដូចជា ការលាង​សម្អាតដៃ ឲ្យបាន ញឹកញាប់ និងការរក្សាអនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត អំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ​ទាំងអស់ថែ​រក្សា​សុខភាព ពិសេសហាមប្រមូលផ្តុំគ្នាជាក្រុមធំ។ ក្នុងនោះប្រជាពលករទាំងអស់​ដែលចំណាកស្រុកវិលត្រឡប់មក​មាតុប្រទេសវិញ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល បន្តតាមដានសុខភាពរបស់ខ្លួន ផ្ទាល់ប្រសិនមាន រោគសញ្ញា រួមមាន ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នងករណីមានរោគ សញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ក្នុងករណីចាំបាច់ណាមួយណា អាចហៅទៅកាន់លេខទូរស័ព្ទ អភិបាលក្រុង ស្រុក ដើម្បីបន្តការងារជួយស្វែងរកសេវាសុខាភិបាលឲ្យបានកាន់តែឆាប់រហ័សបន្ថែមទៀត។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ ស្រុក ឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ ជាប្រចាំ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពី​ក្រៅប្រទេសវិញ អនុវត្តវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បានត្រឹមត្រូវតាមនីតិវិធីដែល​បានកំណត់ និងបន្តសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូ ផ្សព្វផ្សាយសារសម្លេងអប់រំរបស់​គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅមូលដ្ឋានរៀងៗខ្លួន ជាពិសេស ភូមិ ឃុំ សង្កាត់ ដែលមានបង ប្អូនប្រជាពលរដ្ឋច្រើនដែលទើបនឹងត្រលប់មកពីក្រៅប្រទេសវិញ៕

Related Post