រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលឃុំពពក ស្រុកស្ទោង

ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខប្រកបដោយគតិបណ្ឌិត បានដាក់ចេញជាគោលការណ៍នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងអនុវត្តន៍តាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃ ផ្អែកលើយន្តការណ៍ដឹកនាំទទួលខុសត្រូវ
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគាររដ្ឋបាលឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជិត ៦០០នាក់។

លោក កែវ នន មេឃុំពពក បានអានរបាយការណ៍សង្ខេប អំពីស្ថានភាពភូមិសាស្ត្រឃុំពពក និងការសាងសង់អគាររដ្ឋបាលសាលាឃុំ ដែលត្រូវបញ្ចុះបឋមសិលានៅពេលនេះ មានទំហំ ១៦.៥០ម៉ែត្រ x ៩ម៉ែត្រ ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិតំាងពីបាតដៃទទេរ រហូតដល់ប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលិកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នា ថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។
កន្លងមកនេះថវិកាឃុំ មិនត្រូវបានអនុញ្ញាតឲ្យសាងសង់សាលាឃុំទេ គឺសម្រាប់តែចំណាយ ទៅលើការបម្រើសេវាសាធារណៈ ដូចជាសាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម ប៉ុន្តែរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថាតើសាលាឃុំ-សង្កាត់ គួរសាងសង់នៅពេលណា? ជាឱកាសដ៏ល្អក្នុងពេលមួយបច្ចុប្បន្ននេះ ដោយសេដ្ឋកិច្ចជាតិមានកំណើន ៧ភាគរយជារៀងរាល់ឆ្នាំ ទើបធ្វើឲ្យកម្រិតថវិកាជាតិ សម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើងជាបន្តបន្ទាប់ ហេតុដូចនេះទើបខេត្តមានលទ្ធសាងសង់សំណង់ទាំងនេះបាន។
ដោយឡែកសម្រាប់ឃុំពពក រដ្ឋបាលខេត្តបានរៀបចំសាងសង់ អគាររដ្ឋបាលឃុំ និងជួយសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំមួយទៀត ដើម្បីបម្រើសេវាធារណៈ នៅតាមឃុំ ឲ្យមានលក្ខណៈល្អប្រសើរ និងមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកនូវសេវា ហើយឥឡូវនេះនៅតាមភូមិនីមួយៗ គឺមានការអភិវឌ្ឍន៍ផ្លូវលំខ្វាត់ខ្វែង ចំពោះស្រុកផ្សេងទៀត ដែលមិនទាន់មានសាលាឃុំ រដ្ឋបាលខេត្តនឹងរៀបចំធ្វើជាបន្តបន្ទាប់។ បន្ទាប់ពីពិធីសំណេះសំណាលរួចមក ឯកឧត្តម អភិបាលខេត្ត បានចែកអំណោយជានិមិត្តរូបដល់លោកគ្រូ អ្នកគ្រូ ចំនួន ២១នាក់ ក្នុងម្នាក់ ទទួលបាន សារ៉ុង ១ និងថវិកា ១០.០០០រៀល តាជី យាជី ចំនួន ៥០នាក់ ក្នុងម្នាក់ ទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ៥.០០០រៀល ប្រជាពលរដ្ឋ ៣០០នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុង ១ និងសិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ ៕

 

Related Post