រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយ​ដងស្ទឹងសែន​សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងជំនន់ទឹកភ្លៀង

(រដ្ឋបាលខេត្តកំពង់ធំ)៖ ការអំពាវនាវនេះ បានលើកឡើង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ខណៈដែល​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន និងទីទួលសុវត្ថិភាពនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីត្រៀមរៀបចំបង្ការសម្រាប់ជួយសង្គ្រោះបងប្អូន​ប្រជាពលរដ្ឋ​ដែលទទួលរងគ្រោះដោយសារទឹកជំនន់ឲ្យបានទាន់ពេលវេលា ជៀសវៀងគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនទាន់ដល់​កម្រឹតកំពស់ប្រកាសប្រុងប្រយ័ត្ននោះទេ។ ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ព្រោះនៅបណ្តាថ្ងៃខាងមុខនៅមានឥទ្ធិពលនៃព្យុះបន្ត​បោកបក់​មកលើ​ប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេស ត្រូវមើលថែក្មេងៗ​ឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច​ជាដើម។

ឯកឧត្តមបានបញ្ជាក់ទៀតថា «ពេលណាប្រជាពលរដ្ឋជួបទុក្ខលំបាក ពេលនោះ គឺតែងតែមានមុខ​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចុះជួយដោះស្រាយរាល់បញ្ហា និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋជានិច្ច»។

បន្ថែមលើសពីនេះទៀត ឯកឧត្តម សុខ លូ បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាន​នូវស្ថានភាព​ទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យ​បានទាន់​ពេលវេលា ក្នុងនោះ យើងក៏បានត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាព គ្រប់ក្រុងស្រុក សម្រាប់ជួយបងប្អូន​ប្រជាពលរដ្ឋ​នៅពេលមានទឹកជំនន់កើតឡើង ព្រមទាំងជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះត្រួតពិនិត្យផលប៉ះពាល់ ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងត្រៀមពូជសម្រាប់ជួយសង្គ្រោះ​បងប្អូន​សាបព្រោះបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់ត្រូវបានស្រកចុះ៕

Related Post