រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអ្នកវិនិយោគទុនទាំងអស់ ងាកមកមើល​​ខេត្តកំពង់ធំ ដែលជាខេត្តមួយ​ស្ថិត​នៅចំកណ្ដាលនៃប្រទេសកម្ពុជា

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យអ្នកវិនិយោគទុនទាំងអស់ ងាកមកមើលខេត្តកំពង់ធំ ដែលជាកន្លែងសាកសមបំផុតសម្រាប់ធ្វើការចែកចាយទំនិញ ពីព្រោះជាខេត្តមួយ​ស្ថិតនៅ​ចំកណ្ដាលនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ នៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងដំណាំស្រូវជាដើម ។

ឯកឧត្តម សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពិធីអញ្ជើញ​ចុះ​សាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៧៥០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់ក្រុមហ៊ុន Sabrina (Cambodia) Garment MFG Group ក្រុមហ៊ុន Titan Stone Life Insurance PLC. ក្រុមហ៊ុន Bizstar (Cambodia) Co., Ltd. និង ក្រុមហ៊ុន Love Charity Organization។

ឯកឧត្តមបន្ថែមទៀតថា ថ្វីដ្បិតតែខេត្តកំពង់ធំ មានសក្តានុពលផ្នែកវិស័យកសិកម្មពិតមែន នៅមានការ​ខ្វះខាត​ទៅលើផ្នែកឧស្សាហកម្មការបង្កើតរោងចក្រកែច្នៃទៅលើសមិទ្ធផលសម្រេចដែលបានមកពីទិន្នផលកសិកម្ម​មិន​ទាន់​មានរោងចក្រវេចខ្ចប់។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ពាំនាំការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែគិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងទាំងអស់ ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់ស្បៀងអាហារហូបនោះទេ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំង ៤ ខាងលើនេះ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការ​ចែក​រំលែកនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ។

Related Post