រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវបងប្អូនទាំងអស់មក​ចាក់វ៉ាក់សាំង​អោយ​បានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងនៅទីតាំងតាមបណ្ដាក្រុងស្រុកទាំងអស់ នៃខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​មកចាក់​វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងនៅទីតាំង​តាមបណ្ដា​ក្រុងស្រុក​ទាំងអស់នៃខេត្តកំពង់ធំ ។

ការអំពាវនាវនេះត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងក្នុងពិធី ចុះពិនិត្យ​មើលការចាក់វ៉ាក់សាំង តាម​បណ្ដា ក្រុង ស្រុកមួយចំនួន ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលកំពុងមាន​ការចូលរួមយ៉ាង​ផុលផុសពីក្មួយ (កុមារ និងយុវវ័យ) មាតាបិតា និងអាណាព្យាបាល នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាពិតជាមាន​ភ័ព្វសំណាងណាស់ ដែល​មាន ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ មាន​ការ​សម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំង​ចាក់ជូនបងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានជាង ៩០ភាគរយ នៃប្រជាជនជាង ១០លាននាក់ ដែលអាចធ្វើ​ឲ្យ​យើងចៀស​ផុតនៃការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងក៏វាអត់ឈឺធ្ងន់ និងមិនបណ្ដាលឲ្យស្លាប់ទេ ប្រសិនបើយើងមិនបាន​ចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។ ឯកឧត្តមបន្ថែមទៀតថា ទោះបីជា​យើង​បាន​ចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំ​របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកល់ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀប​គន្លងថ្មីក្នុងសម័យកូវីដ១៩ នេះ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរព​អរគុណយ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្តេចតេជោ ដែលបានពុះពាររកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នាដោយឥតគិតថ្លៃ។

 

Related Post