រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌឲ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា

 

រដ្ឋបាលខេត្តកំពង់ធំ៖ ថ្លែងនៅក្នុងពីធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តសិរីឧត្តម ហៅវត្ត ជាន់លែង ស្រុកសណ្តាន់ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវ និងផ្តាំផ្ញើដល់លោកយាយ លោតា ពុទ្ធបរិស័ទ្ធទាំងអស់ បន្តជួយអប់រំកូនចៅតូចៗ ជាពិសេសយុវជន ឲ្យចូលរួមបុណ្យកាន់បិណ្ឌនៅតាមទីវត្តអារ៉ាមឲ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បន្តទៀតថា ឯកឧត្តម ព្រមទាំងក្រុមការងារទាំងអស់ ពិតជាមានក្តីរំភើបរីករាយ ដែលបានមកចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ពុកម៉ែបងប្អូន ពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជម្រាបជូនអំពីសភាពការណ៍នយោបាយថ្មីៗ ផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា។ ហើយប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសរាល់ការបើកបរគោយន្តនៅពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងបិទចំណាំងផ្លាតនៅពីក្រោយឲ្យបានត្រឹមត្រូវ ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ជាពិសេស មុននឹងវ៉ា ឬជែង បតឆ្វេង ឬស្តាំ ត្រូវពិនិត្យមើលមុខក្រោយឱ្យបានច្បាស់លាស់ និងជៀងវាងឲ្យឆ្ងាយពីគ្រឿងញៀន៕

 

 

 

Related Post